ព័ត៌មានអន្តរជាតិ

អាមេរិក​ រឹបអូស​យន្តហោះ Boeing 747 ដែលអ៊ីរ៉ង់ លក់​ដោយ​ខុសច្បាប់ ​ទៅ​ក្រុមហ៊ុន ​វេណេស៊ុយអេឡា

China Daily

បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរឹបអូសយកយន្ត ហោះដឹកទំនិញ Boeing 747 ដែលក្រុមមន្ត្រីបាននិយាយថា ពីមុនត្រូវបានលក់ ដោយក្រុមហ៊ុនអាកាសចរណ៍ អ៊ីរ៉ង់ ដែលមានទណ្ឌកម្ម ទៅឱ្យក្រុមហ៊ុន រដ្ឋវេណេហ្ស៊ុយអេឡា ដោយបំពានច្បាប់គ្រប់គ្រងការនាំចេញរបស់អាមេរិក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះដែលផលិត ដោយអាមេរិក បានមកដល់រដ្ឋផ្លរីដា ហើយនឹងត្រូវបោះចោល។

យន្តហោះខាងលើត្រូវបានផ្ទេរពីក្រុមហ៊ុន អាកាសចរណ៍អ៊ីរ៉ង់ Mahan Air ដែលក្រុមមន្ត្រីបានចោទប្រកាន់ថា ផ្តល់ការគាំទ្រ ដល់កងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ ទៅកាន់ក្រុមហ៊ុន Emtrasur ដែលជាក្រុមហ៊ុនអាកាសចរណ៍ដឹកទំនិញ របស់វេណេហ្ស៊ុយអេឡា និងជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន រដ្ឋមួយ ដែលធ្លាប់ត្រូវបានដាក់ទណ្ឌកម្ម ពីមុនដោយ សហរដ្ឋអាមេរិក ។ ក្រុមមន្ត្រីបាននិយាយថា ការលក់ដែលធ្វើឡើង ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល សហរដ្ឋអាមេរិក បានរំលោភលើច្បាប់គ្រប់គ្រងការនាំចេញ និងផ្តល់ផលប្រយោជន៍ មិនត្រឹមត្រូវដល់ឆ្មាំបដិវត្តន៍ ប៉ារ៉ាយោធាអ៊ីរ៉ង់ ។

ក្រុមហ៊ុន Mahan Air អស់រយៈពេលជាច្រើនឆ្នាំ បានទទួលរងនូវការរឹតបន្តឹង របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើអាជីវកម្មរបស់ខ្លួន។

ជំនួយការអគ្គរដ្ឋអាជ្ញា លោក Matthew Olsen ដែលជាប្រធានផ្នែកសន្តិសុខជាតិ របស់នាយកដ្ឋានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា “នាយកដ្ឋានយុត្តិ ធម៌មាន ការប្តេជ្ញាចិត្តក្នុងការធានាថា កម្លាំងពេញលេញ នៃច្បាប់របស់សហរដ្ឋអាមេរិក បានបដិសេធតួអង្គរដ្ឋអរិភាព នូវមធ្យោបាយក្នុងការចូលរួម ក្នុងសកម្មភាពអាក្រក់ដែលគំរាមកំហែង ដល់សន្តិសុខជាតិរបស់យើង” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top