ព័ត៌មានជាតិ

សម្តេចធិបតី ៖ អ្នកមានចំណេះដឹង មិនអាស្រ័យលើអ្នកមាន អ្នកក្រ ឬកំព្រានោះទេ

" "

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា អ្នកមានចំណេះដឹង មិនអាស្រ័យលើអ្នកមាន អ្នកក្រ ឬកំព្រានោះទេ បើមានឱកាសដូចគ្នានោះ ហើយកូនអ្នកមាន ក៏មិនប្រាកដថា ពូកែជាង កូនអ្នកខ្វះខាតដែរ ។

នាឱកាសអញ្ជើញ ជាអធិបតីសម្ពោធ ទីតាំងសាកលវិទ្យាល័យជាតិ គ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីមាន ប្រសាសន៍ថា «មិនប្រាកដថា កើតមកក្នុង ត្រកូលអ្នកមាន រៀនពូកែជាង កើតក្នុងត្រកូលមិនសូវមាន អ្នកគ្មានលទ្ធភាព នោះទេ បើសិនផ្ដល់ឱកាសដូចគ្នា។ ជីវជាតិ អាហារបំប៉នគ្រាន់បើមិនប្រាកបថាទេ ចឹងបើផ្ដល់ឱកាសបានរៀន»។

" "

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសម្រាប់ជាតិ ទាំងមូលក្នុងការទទួល បានធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិ ។ សម្តេចបន្តថា សមិទ្ធផលកើតឡើង មិនមែនជាការកើតឡើង ដោយឯកឯងទេ គឺកើតឡើងពីការខិតខំប្រឹងប្រែង ។ សម្តេចថា «ការកសាងធនធានមនុស្ស ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងអនាគត ហើយការកសាងធនធានមនុស្ស ដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ»។

" "

សម្តេចបញ្ជាក់ថា កម្ពុជាធ្លាប់ជួបសង្រ្គាម បាត់បង់ធនធានមនុស្ស តែបច្ចុប្បន្នធនធានមនុស្សមានកាន់តែច្រើន បង្កើតការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក ខណៈរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបដិវត្តកម្មឌីជីថល។ គ្រឹះស្ថានឧត្តមសិក្សាក៏ជាផ្នែកមួយសំខាន់ នៅក្នុងការចូលរួមកសាង ធនធានមនុស្ស ដែលមានសុខភាពល្អ និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ក្នុងយុគសម័យថ្មីនេះផងដែរ ៕

To Top