ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ៖ សង្គមស៊ីវិលនៅកម្ពុជាមួយចំនួន មិនគួរយកកម្មករផ្សាភ្ជាប់ ជាមួយរឿងនយោបាយនោះទេ

ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាអ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួននៅកម្ពុជា មិនគួរផ្សាភ្ជាប់រឿងកម្មករ ជាមួយនិងរបៀបវារៈនយោបាយនោះទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់និរន្តរភាពការងារ របស់កម្មករនិងផលប្រយោជន៍រួម របស់សង្គមជាតិ។

ការលើកឡើងបែបនេះបន្ទាប់ពី អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានមើលឃើញថា អ្នកវិភាគ សង្គមស៊ីវិល និងសហជីពមួយចំនួននៅតែយករឿង ការកាត់ផ្តាច់ការអនុគ្រោះពន្ធ Everything But Arm (EBA) ពីសំណាក់សហភាពអឺរ៉ុបចំនួន២០%នាពេលកន្លងទៅ ថាប៉ះពាល់ទៅដល់ការងាររបស់កម្មករនិយោជិត និងការបិទរោងចក្រឧស្សាហកម្មនានា នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតបានគូសបញ្ជាក់បន្តថា បើទោះបីមានការកាត់ផ្តាច់ការអនុគ្រោះពន្ធ ប៉ុន្តែការបញ្ជាទិញទំនិញខាងវិស័យកាត់ដេរ នៅតែរក្សាស្ថានភាពល្អ ត្បិតស្ថានភាពនយោបាយនៅលើ ពិភពលោកគ្មានស្ថេរភាព និងបង្កផលប៉ះពាល់ការនាំចេញ។ ការអនុគ្រោះពន្ធ Everything But Arm (EBA នឹងកាត់ផ្តាច់ទាំងស្រុង នៅពេលប្រទេសកម្ពុជាលោតផុតពីប្រទេសក្រីក្រ ដូច្នេះកម្ពុជាត្រូវមានភាពក្លាហាន ក្នុងការប្រកួតប្រជែងស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនរង់ចាំការផ្តល់ការដកដង្ហើម ពីសំណាក់ភាគីណាមួយនោះទេ។

អ្នកជំនាញរូបនេះថា៖ «បុគ្គលមួយចំនួននៅតែលើកឡើងបញ្ហានេះ ដែលវាជាសារនយោបាយ! អីចឹងពាក់ព័ន្ធនឹងរឿងនយោបាយ របស់សង្គមស៊ីវិលមួយចំនួនដែលគាត់ ទទួលបានកញ្ចប់ថវិកាពីបណ្តាសហគមន៍ និងប្រទេសមួយចំនួន គាត់ត្រូវតែលើកសារនយោបាយណាមួយ ដែលត្រូវទៅនឹងម្ចាស់មូលនិធិនោះផងដែរ ដូច្នេះវាប៉ះពាល់ទៅដល់ឆ្នាំងបាយរួម»។

អ្នកជំនាញរូបនេះអំពាវនាវ ឱ្យបុគ្គលដែលជាសង្គមស៊ីវិលមួយចំនួន សូមគិតគូរទៅដល់ផលប្រយោជន៍រួម ត្រួវគិតគូរនៅពេលធ្វើសកម្មភាពរបស់ខ្លួន ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ទៅដល់សង្គមជាតិ។ គ្រប់ភាគីទាំងអស់ត្រូវតែគិតអំពីស្ថេរភាពនយោបាយ សង្គម ដើម្បីឱ្យខ្លួនឯងមានលទ្ធភាព ក្នុងការបន្តនិរន្តភាពសេដ្ឋកិច្ចទៅមុខ ដោយពុំមានបញ្ហាក្តីក្តាំងបែបនេះ មកបង្អាក់ដំណើររបស់កម្ពុជា៕

To Top