បរទេស៖ បំណុលជាតិ របស់សហរដ្ឋអាមេរិក អាចកើនឡើងចំនួន ១៩ ពាន់ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ ក្រោយលើសពី ៥៤ ពាន់ពាន់លានដុល្លារ ដោយសារការចំណាយកើនឡើង នៃចំនួនប្រជាជនវ័យចំណាស់ និងការចំណាយការប្រាក់ខ្ពស់ជាង, នេះបើយោងតាមរបាយការណ៍ ចុងក្រោយដោយការិយាល័យ ថវិកាសភា (CBO) ។ ចំណែកបំណុលរបស់អាមេរិក វិញ គឺបានលើសពី ៣៤ ពាន់ពាន់លានដុល្លារក្នុងខែធ្នូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កត្តាសំខាន់ដែលទំនងជានឹង នាំឱ្យមានការកើនឡើងបន្ថែមទៀតនៅក្នុងបំណុលជាតិ គឺការកើនឡើងយ៉ាងខ្លាំង នៃឱនភាពសហព័ន្ធ, នេះបើយោងតាម CBO ដែលព្យាករណ៍ពីការខ្វះខាតប្រចាំឆ្នាំកើនឡើងដល់ ២,៦ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០៣៤ កើនឡើងពី ១,៦ ពាន់ពាន់លានដុល្លារនៅឆ្នាំនេះ ដោយបន្ថែម ១៨,៩ពាន់ពាន់លានដុល្លារ ទៅក្នុងបំណុលជាតិក្នុងអំឡុងទសវត្សរ៍។
នាយកការិយាល័យថវិកាសភា (CBO) លោក Phillip Swagel បានប្រាប់អ្នកយកព័ត៌មាន កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក នៅតែស្ថិតនៅលើផ្លូវ ដើម្បីប្រមូលបំណុលបន្ថែមទៀត ដែលជាចំណែក នៃទិន្នផលសេដ្ឋកិច្ច សរុបរបស់ខ្លួនក្នុងឆ្នាំ ២០៣៤ ជាងពេលផ្សេងទៀត នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។ “សារដំបូងនៃការព្យាករគឺ ជារឿងមួយ ដែលធ្លាប់ដឹង គឺ ថាគន្លងសារពើពន្ធគឺគួរឱ្យខ្លាច។ ម៉្យាងវិញទៀត វាពិតជាអាក្រក់ជាង ការព្យាករណ៍ របស់យើង កាលពីឆ្នាំមុនបន្តិច” ។ នេះបើតាមលោក Swagel បាននិយាយ និងត្រូវបានដកស្រង់ដោយ សារព័ត៌មាន New York Times ។
ការព្យាករណ៍ របស់ការិយាល័យថវិកា បានកើតឡើងនៅពេល ដែលសភាប្រឈមនឹង កាលបរិច្ឆេទកំណត់មួយទៀត នៅខែក្រោយ ដើម្បីយល់ព្រមលើច្បាប់ ចំណាយរបស់សហព័ន្ធ ។ សមាជិកសភាបានជួបពិភាក្សាគ្នា យ៉ាងក្តៅគគុកនាពេលថ្មីៗនេះ ជុំវិញការផ្តល់ជំនួយបន្ថែម ដល់អ៊ុយក្រែន និងអ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា