ព័ត៌មានអន្តរជាតិ

ប្រធានបក្ស ស៊ីវីល័យរបស់ថៃ យកគ្រឿងផ្ទុះចូលសភា ដើម្បីសាកល្បងពីភាពរឹងមាំនៃប្រព័ន្ធសន្តិសុខ

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្តីបន្ទោសមេដឹកនាំគណបក្សស៊ីវិល័យរបស់ថៃគឺលោក Mongkonkit Suksintharanon ចំពោះការយកគ្រឿងផ្ទុះចូលក្នុងសភាដើម្បី សាកល្បងប្រព័ន្ធសន្តិសុខ ដែលប្រធានបក្សរូបនេះបានចោទប្រកាន់ថា មិនមានលក្ខណៈគ្រប់គ្រាន់។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីមិនបានផ្តល់ទំងន់ណាមួយដល់ការអះអាងរបស់លោក Mongkonkit នោះទេ ប៉ុន្តែបានចោទជាសំណួរអំពីអាកប្បកិរិយារបស់លោក បន្ទាប់ពីមានការជំទាស់ពីសំណាក់លោក Chuan Leekpai ប្រធានសភា។

ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «មនុស្សគ្រប់គ្នាមិនថាអ្នកជានរណាក៏ដោយ ត្រូវតែគិតអោយបានម៉ត់ចត់មុនពេលសំដែងចេញ។ សកម្មភាពរបស់ពួកគេអាចបណ្តាលឱ្យមានផលប៉ះពាល់ដែលគេមិនចង់បានទៅលើអ្វីផ្សេងទៀត»។

នាយករដ្ឋមន្រ្តីថៃរូបនេះ បន្ថែមថា លោកនឹងទុកករណីលោក Mongkonkit ជាមួយអាជ្ញាធរ ដើម្បីកំណត់ថា តើអ្វីទៅជាបំណងពិតប្រាកដរបស់លោក។

ចំណែកលោក Chuan ជាប្រធានសភា ក៏បានបន្ថែមថា លោកបានចាត់តាំងអ្នកជំនាញផ្នែកច្បាប់ឱ្យស៊ើបអង្កេតឥរិយាបថរបស់លោក Mongkonkit ដែលនឹងត្រូវវិនិច្ឆ័យតាមច្បាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top