ភ្នំពេញ ៖ មិនខុសពីរាល់ដងទេ ឲ្យតែមានវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញ បំពេញទស្សនកិច្ច នៅបណ្តា ប្រទេសនានា តែងតែមានក្រុមប្រឆាំង នាំគ្នាធ្វើបាតុកម្មប្រឆាំង សម្រាប់ដំណើរទស្សនកិច្ច នៅម៉ាឡេស៊ី នាថ្ងៃ២៧ កុម្ភៈស្អែកនេះ ក្រុមប្រឆាំងក៏បានត្រៀម ធ្វើបាតុកម្មដូចរាល់ដង ដែលសម្តេចបានបំពេញ ទស្សនកិច្ចនៅ ប្រទេសផ្សេងដែរ ។ បាតុកម្មជាថ្មីលើទឹកដី ម៉ាឡេស៊ីនេះ ត្រូវបានលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាអះអាងថា ជារឿងធម្មតា របស់ពួកប្រឆាំងហើយ ដោយគ្មានប៉ះពាល់អ្វីដល់កិត្តិយសកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាឡើយ ។
តាមរយៈមជ្ឈមណ្ឌលព័ត៌ដើមអម្ពិលនាថ្ងៃ២៦ កុម្ភៈ លោក ប៉ែន បូណា ក៏បានលើកឡើង ពីករណីក្រុមប្រឆាំង តែងគៀគរគ្នីគ្នាមួយក្តាប់តូច ធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដូចបាតុកម្មប្រឆាំង សម្តេចធិបតីថា គ្មានបានដាក់សម្ពាធអ្វីមកលើកម្ពុជាឡើយ ព្រោះរាជរដ្ឋាភិបាលបានគោព សិទ្ធិប្រជាធិបតិតេយ្យនៅប្រទេសទាំងនោះ ឲ្យតែពួកគេគោរពច្បាប់ នៅក្នុងប្រទេសដែលកំពុងរស់នៅ។
លោកគូសបញ្ជាក់ថា “បាតុកម្មនេះ មិនបានធ្វើឲ្យប៉ះពាល់អីទេទៅដល់កម្ពុជា ក៏ដូចជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ផ្ទុយទៅវិញវាបានបង្ហាញឲ្យសាធារណមតិជាតិ-អន្តរជាតិឃើញយ៉ាងច្បាស់អំពីជញ្ជីងប្រជាធិបតេយ្យនៅកម្ពុជា ដោយសារអ្នកមកទទួលស្វាគមន៍សម្តេច និងមកជួបសំណេះសំណាលជាមួយសម្តេចធិបតី មានរាប់ពាន់នាក់ ២ទៅ៣ពាន់នាក់ជារៀងរាល់លើក ខណៈអ្នកមកធ្វើបាតុកម្មមានចំនួនតិចតួចបំផុត បើប្រៀបធៀបជាមួយអ្នកមកស្វាគមន៍”។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ បានភៀសខ្លួនទៅរស់នៅម៉ាឡេស៊ី មានប្រមាណជា៣០នាក់ ដែលពួកគេនេះបានរៀបចំ គម្រោងធ្វើបាតុកម្ម ក្នុងគ្រាសម្តេចធិបតីអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពសកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេស ម៉ាឡេស៊ីរយៈពេលពេញមួយថ្ងៃ នាថ្ងៃ២៧ កុម្ភៈស្អែកនេះ ហើយនឹងអញ្ជើញ ធ្វើមាតុភូមិនិវត្តន៍វិញ នាយប់ថ្ងៃដដែល ៕