អាមេន៖ ស្តេច Abdullah II នៃប្រទេសហ្ស៊កដានី បានព្រមានថា ការបន្តសង្រ្គាមនៅហ្គាហ្សា ក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន អាចប្រថុយនឹងការពង្រីកជម្លោះកាន់តែខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ស្តេច Abdullah បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំនៅទីក្រុងអាមេន ជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស ក្នុងអំឡុងពេលដែលព្រះអង្គបានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអតិបរមា ដើម្បីឈានដល់បទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សា និងដើម្បីការពារជនស៊ីវិលស្លូតត្រង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់តុលាការ Royal Hashemite ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ស្តេចបានកត់សម្គាល់ថា ហ្ស៊កដានី នឹងបន្តផ្តល់មនុស្សធម៌ ជំនួយសង្គ្រោះ និងជំនួយផ្នែកវេជ្ជសាស្រ្ត ដល់ប្រជាជននៅតំបន់ហ្គាហ្សា។
ស្តេចបានរំលឹកឡើងវិញនូវការច្រានចោល របស់ហ្ស៊កដានីចំពោះការប៉ុនប៉ងណាមួយ ដើម្បីបំបែកតំបន់វេសបែង និងតំបន់ហ្គាហ្សាស្រ្ទីប ខណៈពេលដែលជំរុញឱ្យបន្តការ សម្របសម្រួលអារ៉ាប់ ដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវ ចំពោះបញ្ហាប៉ាឡេស្ទីនដោយ ផ្អែកលើដំណោះស្រាយរដ្ឋពីរ។
ចំណែកលោក អាបាស បានសម្តែងការកោតសរសើរ ចំពោះជំហរដ៏ខ្ជាប់ខ្ជួនរបស់ហ្សកដានី លើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបន្តការសម្របសម្រួល និងការពិគ្រោះយោបល់យ៉ាង ជិតស្និទ្ធរវាងភាគីទាំងពីរ ដើម្បីបម្រើបុព្វហេតុប៉ាឡេស្ទីន និងការពារកន្លែងពិសិដ្ឋនៅក្នុងទីក្រុង ៕
ប្រែសម្រួល ឈូក បូរ៉ា