ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យ កីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើម យកជ័យជម្នះជូនជាតិមាតុភូមិ។
ក្នុងពិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជ័យលាភីការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការរំឭកដែរថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ ២០២៣, កម្ពុជាទទួលបានមេដាយច្រើន លើសពីការរំពឹងទុក, ក្នុងនោះ មានមេដាយមាស ចំនួន ៨១ គ្រឿង, មេដាយប្រាក់ ចំនួន ៧៤ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១២៧ គ្រឿង ។ បន្ថែមលើការ ទទួលបានជ័យជម្នះ លើការប្រកួត, ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់មិត្តភាព, ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាព សេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ ។ លើសពីនេះ, ឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋបង្កើន ស្មារតីស្រឡាញ់ជាតិមាតុភូមិ និងការពង្រឹងសាមគ្គីភាពនិងមិត្តភាព ដែលការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាព នៅកម្ពុជា ។
សម្តេច នាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព, ឯកភាពផ្ទៃក្នុងជាតិ, ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការ អភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ជូនជាតិមាតុភូមិបន្ថែមទៀត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុង យកចិត្តទុក ដាក់ខ្ពស់លើវិស័យ អប់រំកាយ និងកីឡា, តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា ។
ជាមួយគ្នានេះផងដែរ សម្តេចធិបតី បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា «កីឡាករ និងកីឡាការិនីកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ ក្នុងការហ្វឹកហាត់បង្កើន សមត្ថភាព និងការត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យបានកាន់ តែច្រើនជូនជាតិមាតុភូមិ ។ លើសពីនេះ រាជរដ្ឋាភិបាល នឹងបន្តប្តេជ្ញាគាំទ្រវិស័យកីឡា,កីឡាករ និងកីឡាការិនីយើង ទាំងស្មារតី និងថវិកា ព្រមទាំងអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធ បន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព ដោយបន្តពង្រឹងការប្រកួត ជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមឱ្យកាន់តែប្រសើរ និងទទួលបានជ័យជម្នះថែមទៀត»៕