ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងតំណាងនាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ព្រមទាំងសហការី។
គួរជម្រាបជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយ អភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៥ នៅក្នុងឆ្នាំ ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ។ គោលនយោបាយអភិវឌ្ឍន៍ជនបទនេះ មានគោលបំណង ធានាការបង្កើនប្រាក់ចំណូលគ្រួសារ នៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជិវិតរស់នៅ ប្រជាជន នៅជនបទ ឱ្យកាន់តែល្អប្រសើរឡើង និងអាចឆ្លើយតបនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និង ប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងអាណត្តិទី៧នេះ បន្តការយកចិត្តទុកដាក់លើយុទ្ធសាស្ត្រចំនួន៤ គឺ៖
១/ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនគមនាគមន៍ជនបទ ដោយផ្តោតលើការពង្រឹងគុណភាព,
២/ ការកែលម្អលក្ខខណ្ឌនៃការស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែប្រសើរឡើង,
៤/.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយជំរុញការអភិវឌ្ឍភូមិគំរូ និង៤.ការពង្រឹងនិងអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងតំណាងមជ្ឈមណ្ឌលសិក្សា គោលនយោបាយ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបានផ្តល់ជាធាតុចូលដែលមានសារៈសំខាន់ ជាច្រើនក្នុងដំណើរការរៀបចំ គោលនយោបាយអភិវឌ្ឍន៍ជនបទ នាពេលនេះ៕