ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើទំនើបកម្មកម្មវិធីកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារសំខាន់ៗចំនួន១៧ប្រភេទនៅលើប្រព័ន្ធអ៊ីនធើណែតដើម្បីសម្រួលដល់វិស័យឯកជនឱ្យមានភាពងាយស្រួល និងតម្លាភាពដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងវិស័យអប់រំបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល។
បើតាមក្រសួងការងារ ក្នុងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារចំនួន១៧ នោះមានដូចជា :
ទី១ ការចុះបញ្ជិការសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស។ ទី២ ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំសហគ្រាស។
ទី៣ ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ។
ទី៤ ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស។
ទី៥ ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ។
ទី៦ការផ្តល់សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។
ទី៧ បច្ចុប្បន្នភាពទិដ្ឋាការ «ចូល»លើសៀវភៅការងារ។
ទី៨ បច្ចុប្បន្នភាពទិដ្ឋាការ «ចេញ»លើសៀវភៅការងារ។
ទី៩ ការផ្តល់ទុតិយតាសៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរ។
ទី១០ ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក។
ទី១១ ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង។ ទី១២ ការចុះបញ្ជិការសៀវភៅបញ្ជីចុះនាមក្មេង។
ទី១៣ ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការបន្ថែមម៉ោង។
ទី១៤ ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍។
ទី១៥ ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស ធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួល។
ទី១៦ ការផ្តល់លិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ។
ទី១៧ ការហ្វឹកហ្វឺនកូនជាង/កម្មសិក្សា ការផ្លាស់ប្តូរសៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរពីទម្រង់ចាស់មកទម្រង់ថ្មី។
ទន្ទឹមនឹងនេះតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួង ក៏បានបញ្ជាក់ជូនដល់សាធារណជន ប្រជាពលរដ្ឋអាចទាក់ទងទៅកាន់លេខ១២៩៧ និងតាមរយៈអ៊ីម៉ែល support.services@mlvt.gov.kh ក្នុងករណីមានចម្ងល់ និងត្រូវការជំនួយផងដែរ។
គួរបញ្ជាក់ផងដែរថា ការធ្វើទំនើបកម្ម កម្មវិធីកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារចំនួន១៧នេះគឺស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដើម្បីធ្វើទំនើបកម្មលើវិស័យការងារដោយសម្រួលទៅដល់អ្នកវិនិយោគសម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងគោលបំណងរក្សាអ្នកវិនិយោគិនដែលមានស្រាប់ និងទាក់ទាញអ្នកវិនិយោគិនថ្មីៗនាពេលអនាគត៕