ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១ មីនា បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលជានាយកមន្ទីរពេទ្យជាតិទាំងអស់ និងប្រធានអង្គភាព ផ្តល់សេវាសុខាភិបាល ក្រោមឱវាទក្រសួង សុខាភិបាល ។
ក្នុងកិច្ចប្រជុំនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ នូវគោលបំណង ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅមានសេសសល់ ឫអាចនឹងកើតមាន និងចែករំលែកនូវវឌ្ឍនភាព រវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ កម្រិតថ្នាក់ជាតិ ក្នុងការធានាឲ្យបានការផ្តល់សេវា ប្រកបដោយគុណភាព ប្រសិទ្ធភាព សិក្តិសិទ្ធិភាព និងសមធម៌ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅរកការគ្របដណ្តប់ សុខភាពជាសកល។
ក្នុងឱកាសនោះផងដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង ចំណុចសំខាន់ៗ មួយចំនួនដូចជា ៖ ១-ការគ្រប់គ្រងមន្ទីរ ពេទ្យជារួម ២-កិច្ចការដឹកនាំពិនិត្យ និងតាមដាន គុណភាពសេវាថែទាំ និងព្យាបាល រាប់ទាំងសេវាសង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ សម្ភពនិង សង្គ្រោះទារកភ្លាមៗ ៣-កិច្ចការប្រើប្រាស់និងថែទាំ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការវិនិយោគ អភិវឌ្ឍន៍បន្ថែម ៤-ការគ្រប់គ្រងធនធានមនុស្ស និងបង្កើនសមត្ថភាពជំនាញ រួមមានការគ្រប់គ្រងបុគ្គលិក និងការងាររដ្ឋបាលទូទៅ ការពង្រឹងគុណភាពការទំនាក់ទំនង សាធារណៈ និង ៥-ការងារអធិការកិច្ច កំណែទម្រង់ សំដៅប្រសិទ្ធិភាព សុវត្តិភាព និងគុណភាពលើក គ្រប់ទិដ្ឋភាពគ្រប់គ្រង និងដឹកនាំ ជាដើម សម្រាប់អោយថ្នាក់ដឹក ពាំនាំយកមកអនុវត្ត ដើម្បីរក្សាបានការជឿទុក ចិត្ត និងការពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋ៕