ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ក្រោយរកឃើញគ្រឿងញៀន ជាង២គីឡូក្រាម រុំជាប់ខ្លួន

ភ្នំពេញ ៖ មន្ត្រីនៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិកូរ៉េចំនួន ២នាក់ ក្រោយរកឃើញគ្រឿងញៀនជាង ២គីឡូក្រាម ។

កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយនិង រដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរ សញ្ជាតិកូរ៉េចំនួន ២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។

តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅ ពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។

តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀន ប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

To Top