ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ»

ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ១១ មីនា បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ដែលវេទិកានេះរៀបចំ ដោយក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងវេទិការដ៏មានសារៈសំខាន់នេះ សាស្រ្តាចារ្យ រដ្ឋមន្រ្តីបានចុះពិនិត្យ ការតាំងពិព័រណ៍ របស់ក្រសួង សុខាភិបាល ដែលបានរំលេច អំពីសុខាភិបាល ឌីជីថល និងនវានុវត្តន៍ដើម្បីឆ្ពោះ ទៅកាន់ការគ្របដណ្តប់ សុខភាពជាសលកល ។ ការតាំងពិព័រណ៍នេះ ក្រសួងសុខាភិបាល បានបង្ហាញ ពីបច្ចុប្បន្នភាព ការប្រើប្រាស់បច្ចេក វិទ្យាឌីជីថល និងការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាលមានដូចជា (១) អន្តរាគមន៍សុខភាពសាធារណៈតាមបែបឌីជីថល (២) បច្ចេកវិទ្យាសេវាសុខាភិបាលតាមបែបឌីជីថល និងការសិក្សាវិជ្ជាជីវៈសុខាភិបាលតាមបែបអេឡិចត្រូនិក។

១. អន្តរាគមន៍សុខភាពសាធារណៈតាមបែបឌីជីថល ៖ ការស្រាវជ្រាវរកជំងឺរបេង ដោយបច្ចេកវិទ្យា រក DNA របស់មេរោគរបេង និង រកជីនមេរោគ បេងផ្សាំថ្នាំ ដោយ Gene-Xpert (Made in USA) , កម្មវិធីគ្រប់គ្រងទិន្នន័យ ជំងឺគ្រុនចាញ់ (Malaria Information System) ដែលមានសមត្ថភាពគ្រប់គ្រងអ្នកជំងឺគ្រុនចាញ់ (ករណី) នៅពេលរកឃើញដោយការធ្វើរោគវិនិច្ឆ័យ និងបញ្ជូនទិន្នន័យទៅដល់សហគមន៍ដែលមានមន្ត្រីសុខាភិបាល អ្នកស្ម័គ្រចិត្តភូមិ ឃុំ និងទៅដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានភ្លាមៗ , ប្រព័ន្ធទូរស័ព្ទទាន់ហតុកាណ៍ ១១៥ ដែលអាចទទួល លេខទូរស័ព្ទ ហៅចូលបាន ៦០ក្នុងពេលតែមួយ
និងការចែក រំលែកការអប់រំ សុខភាពតាម App របស់មជ្ឈមណ្ឌលជាតិ លើកម្ពស់សុខភាព ។

២. បច្ចេកវិទ្យាសេវាសុខាភិបាល តាមបែបឌីជីថល ៖ មន្ទីរពេទ្យជាតិ ជាពិសេស មន្ទីរពេទ្យកាល់ម៉ែត ដែលបានបំពាក់ នូវបរិក្ខារពេទ្យទំនើបចុងក្រោយដូច CT Scan, MRI សម្ភារៈវះកាត់ ម៉ាស៊ីនថតឆ្លុះ ក្នុងផ្នែកឯកទេសគ្រប់ផ្នែក ដូចជាផ្នែកចក្ខុរោគ ផ្នែកចម្រុះបំពង់ក ផ្នែកក្រពះពោះវៀន ការស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជងឺ។
ការបង្ហាញបច្ចេកទេសទំនើបក្នុងផ្នែក (១) ផែ្នកប្រពោធនកម្ម (២)ម៉ាស៊ីនថតឆ្លុះ និងព្យាបាលតាមសសៃឈាម (Biplane Angiography suite) (៣)បន្ទប់វះកាត់ Endoalpha ។

៣. ការសិក្សាវិជ្ជាជីវៈសុខាភិបាលតាមបែបអេឡិចត្រូនិក៖ ក្រសួងសុខាភិបាលបានបង្ហាញពីការធ្វើទំនើបកម្មក្នុងការរៀន និងការបង្រៀន នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល មានដូចជាការប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និងមន្ទីរពិសោធន៍អនុវត្តន៍ បង្ហាញត្រាប់ ។

សូមជម្រាបថា ពិធីតាំងពិព័រណ៍ «វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ» រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ មីនា ៕

To Top