ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី បានឃុំខ្លួនពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ពីបទចារកម្មកាលពីដើមឆ្នាំនេះ ដែលនេះជាលើកទីមួយហើយ ដែលពលរដ្ឋកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនពីបទចារកម្មនៅក្នុងប្រទេសរុស្ស៊ី។
លោក Baek Won-soon ត្រូវបានឃុំខ្លួននៅដើមឆ្នាំ នៅទីក្រុងវ្លាឌីស្ដុក ហើយនៅចុងខែកុម្ភៈ ត្រូវបានផ្ទេរទៅទីក្រុងមូស្គូ ជាកន្លែងដែលលោកកំពុងត្រូវបានឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌលឃុំឃាំង Lefortovo មុនការកាត់ក្តី។ នៅថ្ងៃច័ន្ទ តុលាការ Lefortovo នៅទីក្រុងមូស្គូ បានបន្តការឃុំខ្លួន លោករយៈពេល ៣ខែ រហូតដល់ថ្ងៃទី១៥ ខែមិថុនា នេះបើយោង តាមរបាយការណ៍របស់ TASS ។
លោក Baek ត្រូវបានគេចោទ ប្រកាន់ថា បានបញ្ជូនព័ត៌មាន ដែលចាត់ថ្នាក់ថា ជាអាថ៌កំបាំង របស់រដ្ឋដល់សេវាចារកម្ម បរទេស ។ របាយការណ៍នេះបានឲ្យដឹងថា សម្ភារពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក ត្រូវបានគេដាក់ស្លាកថាជា “ការសម្ងាត់កំពូល”៕
ប្រែសម្រួល ឈូក បូរ៉ា