ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការ នៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ថ្លែងក្នុងជំនួបទ្វេភាគី មុនពិធីចុះហត្ថលេខា លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់លោកអភិបាល ស្រុកហ្វាឆន់ ចំពោះការទទួលយកពលករ ពីកម្ពុជានាពេលនេះ និងតាមរយៈ ការជ្រើសរើសពលករ រដូវកាលទៅធ្វើការនៅ ក្នុងស្រុកហ្វាឆន់ នឹងធ្វើឱ្យរដ្ឋបាលក្រុង ស្រុកផ្សេងទៀតនៃខេត្តកាំងវ៉ុនដូ ចាប់អារម្មណ៍ទទួលយកពលករ ពីកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានស្នើឱ្យលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ គិតគូរ និងមើលថែពីសុខទុក្ខ របស់ពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើការនៅក្នុងស្រុកហ្វាឆន់ នៃសាធារណរដ្ឋកូរ៉េខាងមុខ ក្រោយការចុះអនុស្សរណៈ ដ៏សំខាន់នាពេលនេះ។
ទន្ទឹមនឹងនោះ លោកអភិបាលស្រុក បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី សម្រាប់កិច្ចសហការប្រកប ដោយទំនុកចិត្តរបស់ក្រសួង នាពេលនេះ និងបានគូសបញ្ជាក់ថា ពលករកម្ពុជាមានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងធ្វើការ ដែល ធ្វើឱ្យនិយោជកកូរ៉េ មានការពេញចិត្តយ៉ាងខ្លាំង ខណៈដែលក្រសួងធ្លាប់ មានបទពិសោធន៍គ្រប់គ្រាន់ លើការបញ្ជូនពលករ ទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS) រួមទាំងការចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបញ្ជូនពលករ រដូវកាលជាមួយក្រុងនិងស្រុក របស់សាធារណរដ្ឋកូរ៉េជាច្រើនមកហើយ ។
សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជា ទៅក្រៅប្រទេសទាំងអស់ រួមទាំងកម្មវិធីពលកររដូវកាលទៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ៕