ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់របស់ ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងដល់ជាង៣១.៤០០នាក់

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានកើនឡើងដល់ ៣១.៤៩០នាក់ហើយ ។

បើគិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនអស់ចំនួន១៤៩នាក់ និងបានបង្កឲ្យមានរបួសចំនួន៣០០នាក់ទៀតនៅក្នុងតំបន់ឆ្នេរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១.៤៩០នាក់ និងរបួសបានកើនឡើងដល់៧៣.៤៣៩នាក់គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងច្រើន និងការខ្វះខាតផ្នែកការពារជនស៊ីវិល និងក្រុមរថយន្តជួយសង្គ្រោះ ។

អ៊ីស្រាអ៊ែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល១.២០០នាក់បានស្លាប់ និងជាង២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top