អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ TRT បានរាយការណ៍មកថា យ៉ាងហោចណាស់មានជនចំណាកស្រុកខុសច្បាប់ចំនួន ២១នាក់ត្រូវបានស្លាប់កាលពីថ្ងៃសុក្រ នៅគ្រាដែលទូករបស់ពួកគេបានលិច ដែលធ្វើដំណើរចេញពីឆ្នេរសមុទ្រ Aegean របស់ប្រទេសតួកគី ។
របាយការណ៍បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅឆ្នេរសមុទ្រនៃស្រុក Eceabat ក្នុងខេត្ត Canakkale ដែលស្ថិតនៅភាគពាយ័ព្យនៅគ្រាដែលទូកជនចំណាកស្រុកបានក្រឡាប់ និងលិចចូលក្នុងទឹក ។
ដោយដកស្រង់សម្តីអភិបាលខេត្ត Canakkale លោក Ilhami Aktas សារព័ត៌មាន TRT បានផ្សព្វផ្សាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅកន្លែងកើតហេតុនៅឡើយ ដែលមានការគាំទ្រដោយឧទ្ធម្ភាគចក្រចំនួន២គ្រឿង និងទូកជួយសង្គ្រោះឆ្មាំឆ្នេរសមុទ្រចំនួន១០គ្រឿង ។ លោក Aktas បានបញ្ជាក់ថា បុគ្គលចំនួន៤នាក់ត្រូវបានជួយសង្គ្រោះ ។
ទន្ទឹមនឹងនេះ រថយន្តសង្គ្រោះត្រូវបានគេបញ្ជូនទៅកាន់កំពង់ផែ Kabatepe ដែលនៅក្បែរទីតាំងកើតហេតុនោះផងដែរ ។
លោក Akta បានធ្វើការកត់សម្គាល់ឲ្យដឹងថា ចំនួនពិតប្រាកដនៃមនុស្សនៅលើទូកនោះ ហើយគោលដៅដែលគេគ្រោងទុក និងចំនួនអ្នកបាត់ខ្លួនដោយសារឧបទ្ទវហេតុមួយនេះ នៅតែមិនទាន់ដឹងច្បាស់លាស់នោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា