ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nippon Steel ការពារកិច្ចព្រមព្រៀងទិញដែកថែប របស់អាមេរិក បន្ទាប់ពីការប្រឆាំងរបស់លោក បៃដិន

Kyodo

តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះផែនការ ១៤,១ ពាន់លានដុល្លាររបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុន United States Steel Corp បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្តែងការប្រឆាំង ចំពោះផែនការទិញយកនេះ។

ក្រុមហ៊ុន Nippon Steel បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការរបស់យើង ផ្តល់អត្ថប្រយោជន៍ច្បាស់លាស់ ដល់ដែកថែបរបស់សហរដ្ឋអាមេរិក កម្មករសហជីព ឧស្សាហកម្មដែកថែប របស់អាមេរិក កាន់តែទូលំទូលាយ និងសន្តិសុខជាតិរបស់អាមេរិក” ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថាក្រុមហ៊ុន United States Steel Corp. គួរតែជាកម្មសិទ្ធិក្នុងស្រុក ដោយចេញមកប្រឆាំងនឹងផែនការ របស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញយកក្រុមហ៊ុននេះ ខណៈដែលការគាំទ្រ ពីសហជីពការងារកាន់ តែមានសារៈសំខាន់ សម្រាប់ការប្រជែងតំណែង ប្រធានាធិបតីអាណត្ដិបន្ដឡើងវិញ របស់លោក។

លោក បៃដិន បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជារឿងសំខាន់ដែលយើងរក្សាក្រុមហ៊ុនដែកថែបអាមេរិកដ៏រឹងមាំ ដែលដំណើរការដោយកម្មករ ដែកអាមេរិក”។

ការអត្ថាធិប្បាយបែបនេះ នៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា នឹងប្រែក្លាយផែនការរបស់ក្រុមហ៊ុនជប៉ុន ក្នុងការទិញផលិតករអាមេរិកក្នុងតម្លៃជាង ១៤ពាន់លានដុល្លារ ទៅជាបញ្ហានយោបាយថែមទៀត។

លោក បៃដិន បានលើកឡើងថា “ក្រុមហ៊ុនដែកថែប របស់សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនដែកថែបដ៏ល្បី របស់អាមេរិកអស់រយៈពេល ជាងមួយសតវត្សមកហើយ ហើយវាមានសារៈសំខាន់ណាស់ សម្រាប់វាក្នុងការនៅតែជាក្រុមហ៊ុន ដែកថែបរបស់អាមេរិក ដែលគ្រប់គ្រងនិងប្រតិបត្តិការ ក្នុងស្រុក” ។

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលព្យាយាមកម្ចាត់លោក បៃដិន ដើម្បីត្រឡប់ទៅសេតវិមានវិញក៏បានឲ្យដឹងថា លោកនឹង “រារាំង” ផែនការរបស់ក្រុមហ៊ុន Nippon Steel ដែលបានប្រកាស កាលពីខែធ្នូ ក្នុងទិញយកក្រុមហ៊ុនដែកថែបអាមេរិកខាងលើនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top