ភ្នំពេញ៖ បន្ទាប់ពីកាណាដា បានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាចប់អាណត្តិប្រចាំកម្ពុជា បានសម្ដែងនូវក្ដីសង្ឃឹមថាកម្ពុជា នឹងទទួលបានមូលនិធិបន្ថែម សម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវជាពិសេសសម្រាប់ស្ត្រី ក្នុងការចូលរួមបំពេញបេសកកម្ម ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ វិច្ឆិកានេះបានឲ្យដឹងថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសខ្មែរ បាន អនុញ្ញាតឲ្យលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃ ប្រទេសកាណាដាប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះជោគជ័យនៃការបំពេញបេសកកម្មការទូត និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួន របស់លោកស្រីទូតក្នុងការ រួមចំណែកដល់ការលើកកម្ពស់ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿន នៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជាជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខណ្ឌអាស៊ាន លោកបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា ។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ការ បំពេញបេសកកម្មការទូត របស់លោកស្រីនៅកម្ពុជា។
ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា លោកស្រីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដោយឡែក ចំពោះពាណិជ្ជកម្មទ្វេភាគីវិញ លោកស្រីបានកត់សម្គាល់ថា ក្រោយពេលប្រទេសកាណាដា បានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងរហូតដល់៨០០%។
ចំពោះប្រព័ន្ធអនុគ្រោះពន្ធ (GSP) វិញ លោកស្រី បានសង្កត់ធ្ងន់ថា កាណាដាផ្តល់ភាពអនុគ្រោះ ដល់ប្រទេសកំពុងអភិវឌ្ឍក្នុងគោលដៅសម្រាប់ អភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។
លោកស្រីទូតបញ្ជាក់ថា “កាណាដាបានបង្កើតមូលនិធិសម្រាប់ការបញ្ជូនកងកម្លាំងស្រ្តី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ ខ្ញុំសង្ឃឹមថា កម្ពុជា នឹងទទួលបានមូលនិធិបន្ថែមសម្រាប់ការបញ្ជូន កងកម្លាំងមួកខៀវស្រ្តីកម្ពុជា”។
លោកស្រី ក៏បានរំលឹកអំពីប្រសាសន៍របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងនៅក្នុងឱកាស បញ្ជូនកងកម្លាំងមួកខៀវស្ត្រីកម្ពុជា នៅពេលកន្លងថា សូមឲ្យចៀសឆ្ងាយអំពីការរំលោភបំពានផ្លូវភេទ ក្នុងចំណោមកងកម្លាំងមួកខៀវទាំងអស់ ហើយដែលនៅពេលនោះ សូម្បីអង្គការសហប្រជាជាតិ ក៏មិនទាន់បានគិតដល់បញ្ហានេះនៅឡើយ ។
ពាក់ព័ន្ធនឹងការបំពេញភារកិច្ច របស់កងកម្លាំងមួកខៀវរបស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ ដែលកម្ពុជាបានបញ្ជូនកងកម្លាំង មួកខៀវស្រ្តីនៅក្នុង ប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានចំនួនសរុបជាង៣០០ នាក់ ឬប្រហែល៥% នៃកងកម្លាំងមួកខៀវសរុបរបស់កម្ពុជា។
លោកឧបនាយកតដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រីទូតថា លោកតែងតែស្នើឲ្យ កងកម្លាំងមួកខៀវកម្ពុជា ទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់បីចំណុចដូចតទៅ ៖ ១) បំពេញការងារដោយវិជ្ជាជីវៈ ២) គោរពវិន័យ និង ៣) គោរពច្បាប់របស់ប្រទេស ដែលខ្លួនទៅបំពេញបេសកកម្ម និងជួយយកអាសាប្រជាជន ក្នុងតំបន់បេសកកម្មរបស់ខ្លួន។
សូមរំលឹកថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកទល់នឹងបច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ ប្រមាណជាង៦០០០នាក់ធ្វើឲ្យកម្ពុជាឈរលំដាប់លេខរៀងទី២៦ ក្នុងចំណោមប្រទេសកំពូលចំនួន៣០ ដែលបរិច្ចាគកម្លាំងច្រើនជាងគេ ក្នុងតំបន់បេសកកម្ម ៕
ដោយ៖ ខា ដា