ព័ត៌មានជាតិ

រដ្ឋមន្ដ្រីធនធានទឹក ស្នើកូរ៉េ ផ្ដល់ជំនួយបន្ថែមលើវិស័យឧតុនិយម និងដំឡើងស្ថានីយរ៉ាដា ដើម្បីធានាប្រសិទ្ធភាពការព្យាករ

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើសាជីវកម្មទឹកកូរ៉េ ពិចារណាផ្តល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើងស្ថានីយរ៉ាដា ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយហានិភ័យ ពីគ្រោះមហន្តរាយធម្មជាតិ។

នាឱកាសអនុញ្ញាតឲ្យលោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ដឹកនាំគណៈប្រតិភូកូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូ ដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្មទឹកកូរ៉េ (K-Water) ក៏ដូចជាក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក្នុងការកសាង និងការអភិវឌ្ឍវិស័យ ធនធានទឹក និងឧតុនិយមនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូសាជីវកម្មកូរ៉េថា កម្ពុជា ក៏ដូចជា បណ្តាប្រទេសនៅលើសាកលលោក កំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងធនធានដែលជា សេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធទឹក និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឆ្លៀតក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្តីក៏បានស្នើសាជីវកម្មទឹកកូរ៉េ ពិចារណាផ្តល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើងស្ថានីយរ៉ាដា Doppler បន្ថែមហោចណាស់ ៤-៥ នៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ។

លោក Seog-dae YUN ប្រធានសាជីវកម្មទឹកកូរ៉េ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូសាជីវកម្ម ទឹកកូរ៉េបានជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងបញ្ហាអាកាសធាតុ និងគម្រោងនានាពាក់ព័ន្ធទឹក និងការប្រែប្រួលអាកាសធាតុ ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការកូរ៉េ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានសន្ទុះ ឈានឡើងប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកប្រធានបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ របស់ក្រសួងធនធានទឹក នាពេលកន្លងមក និងបានគូសបញ្ជាក់ពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ លោកប្រធានសាជីវកម្មទឹកកូរ៉េក៏នឹង អញ្ជើញឯកឧត្តមរដ្ឋមន្រ្តីនិងគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិកាទឹកពិភពលោកនាខែឧសភា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕

To Top