ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ គ្មានសមិទ្ធផលណា​ កើតចេញពីការអង្គុយ ហារមាត់និយាយ ដោយមិនបានធ្វើអ្វី ទាល់តែសោះនោះទេ

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សមិទ្ធផលកើតរាល់ថ្ងៃ ដោយស្នាដៃ រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មានសមិទ្ធផលណា កើតចេញពីការអង្គុយ ហារមាត់និយាយ ដោយមិនបានធ្វើអ្វីទាល់ តែសោះ នោះឡើយ។

តាមរយៈសារតេឡេក្រាម នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជារៀងរាល់សប្តាហ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែចេញមុខ ជាសាធារណៈ ស្ទើរតែមិនលស់ថ្ងៃ ដើម្បីសម្ពោធសមិទ្ធផល ឬធ្វើជាអធិបតី ក្នុងពិធីដែលរៀបចំឡើង ដោយក្រសួង ស្ថាប័នផ្សេងៗ ដោយបង្ហាញអំពីសមិទ្ធផល ស្នាដៃ ដែលសម្រេចបានក្នុងឆ្នាំចាស់ និងលើកទិសដៅសម្រាប់ឆ្នាំថ្មី ដើម្បីអនុវត្តជាប្រយោជន៍ របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

អ្នកនាំពាក្យ បន្ដថា សកម្មភាព បែបនេះ បានកើតឡើងតាំងពីសម័យដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមកម៉្លេះ និងបានក្លាយទៅជាប្រពៃណី របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទៅហើយ។ ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចនា យករដ្ឋមន្ត្រី តែម្តងមានពេលតិចណាស់ ដើម្បីសម្រាកពីព្រោះពេលវេលាស្ទើរតែទាំងស្រុង ត្រូវបានចំណាយទៅលើការងារ សព្វសារពើដើម្បីបម្រើប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។

អ្នកនាំពាក្យ បន្ថែមថា ការគិតគូរ និងគូសវាសឱ្យចេញជាផែនការ យុទ្ធសាស្ត្រដឹកនាំប្រទេស និងការរៀបចំសកម្មភាពការងារ ដើម្បីឈានទៅ សម្រេចគោលដៅ គឺជាបេសកកម្មដ៏ធំធេង របស់ថ្នាក់ដឹកនាំ ហើយបេសកកម្មនេះទៀតសោតទាមទារនូវការប្តេជ្ញាចិត្ត សមត្ថភាព ជំនាញ ឆន្ទៈការងារខ្ពស់និង ទស្សនៈវិស័យវែងឆ្ងាយទើបអាចសម្រេចបានលទ្ធផលជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះ ក៏មិនអាចសម្រេចជារូបរាង បានដែរប្រសិនបើគ្មានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត និងបើគ្មានការចូលរួមគាំទ្រ យ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះ។

អ្នកនាំពាក្យ បានបន្ថែមទៀតថា ការធ្វើសកម្មភាពមិនចេះនឿយហត់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគឺជាចលករជំរុញការអភិវឌ្ឍប្រទេសឱ្យមានសន្ទុះទៅមុខជាលំដាប់។ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគារខ្ពស់ទាបគ្រប់ប្រភេទ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញពេញដងផ្លូវ ភ្លើងអគ្គិសនីព្រោងព្រាត សកម្មភាពសេដ្ឋកិច្ចរស់រវើក ការកម្សាន្តសប្បាយប្រកប ដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសនៅលើទឹកដីកម្ពុជា គឺជាទិដ្ឋភាពដែលយើង បានឃើញជារៀងរាល់ថ្ងៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «ទិដ្ឋភាពទាំងនេះ មិនមែនកើតឡើងដោយចៃដន្យ និងដោយងាយស្រួលឡើយ ប៉ុន្តែ វាគឺជាសមិទ្ធផល ដែលកើតចេញ ពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ និងភាពសកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ សរុបមក គេអាចនិយាយបានថា សមិទ្ធផលកើតរាល់ថ្ងៃដោយស្នាដៃ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ។ គ្មានសមិទ្ធផលណាកើតចេញ ពីការអង្គុយហារមាត់និយាយ ដោយមិនបានធ្វើអ្វីទាល់តែសោះនោះឡើយ» ៕

To Top