ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល ការងាររៀបចំសន្និបាត បូកសរុបការងារ សុខាភិបាលលើកទី៤៣ របស់គណៈកម្មការ និងអនុគណៈកម្មការនានា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ២១ មីនា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាត បូកសរុបការងារសុខាភិបាល លើកទី៤៣ របស់គណៈកម្មការ និងអនុគណៈកម្មការនានារៀបចំការងារសន្និបាត សុខាភិបាល នៅទីស្ដីការក្រសួងសុខាភិបាល។

សាស្ត្រាចារ្យក៏បានអញ្ជើញ ចូលរួមសំណះសំណាល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនដល់ គណៈកម្មការ អនុគណៈកម្មការរៀបចំការងារសន្និបាតបូកសរុបលទ្ធផល ការងារសុខាភិបាល លើកទី៤៣ ទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង មិនខ្លាចការនឿយហត់ ដោយការលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ព្រមទាំងពេលវេលា ក្នុងការរៀបចំនូវសន្និបាត សុខាភិបាល លើកទី៤៣ ក្នុងការបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ និងឆ្នាំបន្ត នេះប្រព្រឹត្តទៅដោយរលូន ស្របទៅតាមការគ្រោងទុក និងទទួលបានជោគជ័យ គួរជាទីមោទក។

រដ្ឋមន្ត្រីបានបន្តលើកទឹកចិត្ត ដល់សមាជិក សមាជិកា ទាំងអស់ នៃគណៈកម្មការ អនុគណៈកម្មការរៀបចំការងារ សន្និបាតបូកសរុបលទ្ធផល ការងារសុខាភិបាល ទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងរៀបចំការងារនេះ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ។

គួរបញ្ជាក់ផងដែរថា សាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាត ឲ្យដ្ឋលេខាធិការប្រចាំការ បន្តដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល ការងាររៀបចំសន្និបាត បូកសរុបការងារ សុខាភិបាល លើកទី៤៣ ដើម្បីស្វែងរក និងបំពេញបន្ថែមនូវចំណុចខ្វះខាត ក្នុងការកែលម្អនៅការរៀបចំការងារ សន្និបាត នាពេលក្រោយទទួល បាននូវលទ្ធផលល្អប្រសើរ៕

To Top