គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ចេញការវាយប្រហារ ដ៏ធំមួយលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃសុក្រ ដោយបានបំផ្លាញកន្លែង ថាមពលនៅក្នុងតំបន់ជាច្រើន ។
លោក Volodymyr Kudrytskyi នាយកប្រតិបត្តិ នៃក្រុមហ៊ុនថាមពលរដ្ឋអ៊ុយក្រែន Ukrenergo ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា ការវាយប្រហារតាមអាកាសនេះ “ប្រហែលជាការវាយប្រហារដ៏ធំបំផុត” ទៅលើប្រព័ន្ធថាមពលអ៊ុយក្រែន ដែលមិនធ្លាប់មានពីមុនមក ។
លោក Kudrytskyi បានលើកឡើងថា “វាត្រូវបានអនុវត្តជាមួយនឹងការប្រើប្រាស់អាវុធរួមបញ្ចូលគ្នា មិនត្រឹមតែមីស៊ីលនាំផ្លូវប៉ុណ្ណោះទេ ប៉ុន្តែក៏មានយន្តហោះដ្រូនធុន Shahed និងមីស៊ីលផ្លោងផងដែរ។
លោកបានបន្ថែមថា កងកម្លាំងរុស្ស៊ី បានកំណត់គោលដៅទៅលើរោងចក្រថាមពលកំដៅ និងវារីអគ្គីសនី ក៏ដូចជាស្ថានីយថាមពលសំខាន់ៗ ដែលគ្រប់គ្រងដោយ Ukrenergo ។
ក្រុមហ៊ុន Ukrhydroenergo ដែលគ្រប់គ្រង ដោយរដ្ឋរបស់អ៊ុយក្រែន បានឲ្យដឹងថា ការវាយប្រហារមួយបានវាយប្រហារ ស្ថានីយ៍វារីអគ្គិសនីដ៏ធំបំផុត របស់អ៊ុយក្រែន DniproHes នៅភាគខាងត្បូងនៃទីក្រុង Zaporizhzhia៕
ប្រែសម្រួល ឈូក បូរ៉ា