ភ្នំពេញ ៖ លោក ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តក្រុមការងារចុះមូលដ្ឋាន រដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំស្រុកនីមួយៗ សហការរៀបចំសង្ក្រាន្ត និងកម្មវីធីកំសាន្តផ្សេងៗទៀតឱ្យបានអធិកអធម។
ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង និងលោកស្រី នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក ស សុខា បានថ្លែងថា ការៀបចំកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍កំសាន្តសប្បាយតាមបណ្ដាស្រុកនានា ដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ រួមទាំងយុវជន និងយុវត្តី ជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាភូមិ ឃុំ និងស្រុកមានភូមិសាស្រ្តឆ្ងាយពីទីរួមខេត្តព្រៃវែង ដែលអាចនឹងជួបការលំបាក ក្នុងការធ្វើដំណើរទៅកំសាន្តនៅទីរួមខេត្ត និងម្យ៉ាងទៀតក៏ ដើម្បីរួមចំណែកកាត់បន្ថយ ការធ្វើចរាចរណ៍តាមដងផ្លូវ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលអាចមានការប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងអំពីការរៀបចំ សង្ក្រាន្តឆ្នាំថ្មីនេះដែរ លោក ប្រធានក្រុមការងារ បានរម្លឹកជូនអង្គពិធីអំពីប្រវត្តិ ដែលកាលពី នៅកាន់តួនាទីជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។ លោក ក៏ធ្លាប់បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋ បាលស្រុក និងភាគីពាក់ព័ន្ធ រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ជាលើកដំបូង នៅក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយកាលណោះ មានការចូលរួមកំសាន្តសប្បាយ យ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ទាំងអ្នកក្នុងមូលដ្ឋានស្រុក និងអ្នកអញ្ជើញមកពីបណ្ដាស្រុកជុំវិញ។
សូមរំលឹកថា ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានពិធីសាសនា និងកម្មវិធីកំសាន្តសប្បាយ យ៉ាងច្រើនសម្បូរបែប ៕