បរទេស៖ កម្មករចំនួន ៦នាក់ ដែលបានបាត់ខ្លួន ហើយត្រូវបានគេសន្មត់ថា បានស្លាប់ ពីស្ពានដែលបានបាក់នៅកំពង់ផែ Baltimore Harbor កាលពីព្រឹកថ្ងៃអង្គារ នៅពេលដែលកប៉ាល់ ដឹកកុងតឺន័រដ៏ធំមួយគ្រឿង ដោយសាររលត់ម៉ាស៊ីន បានបុកចូល Baltimore ដ៏មមាញឹកបំផុតមួយនៅលើ Eastern Seaboard របស់សហរដ្ឋអាមេរិក ។
យោងតាមសារព័ត៌មាន VN Express International ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឆ្មាំឆ្នេរសមុទ្រអាមេរិក និងមន្ត្រីប៉ូលីសរដ្ឋ Maryland បាននិយាយថា ដោយផ្អែកលើសីតុណ្ហភាពត្រជាក់នៃទឹក និងរយៈពេលដែលបានកន្លងផុតទៅចាប់តាំងពីស្ពានបានធ្លាក់ចុះមក គឺមានឱកាសតិចតួចណាស់ដែលថាអ្នកបាត់ខ្លួនទាំង ៦ នាក់អាចនៅរស់រានមានជីវិត។
កប៉ាល់ដឹងកុងតឺន័រឈ្មោះ Dali ដែលមានទង់ជាតិសិង្ហបុរី ដែលធ្វើដំណើរចេញពីកំពង់ផែដែលភ្ជាប់ទៅនឹងប្រទេសស្រីលង្កា បានបុកបង្គោលស្ពាន Francis Scott Key នៅលើមាត់ទន្លេ Patapsco នៅម៉ោងប្រហែល ១៖៣០ ព្រឹក (0530 GMT) ។
ផ្នែកដែលលាតសន្ធឹងនៃប្រវែង ២,៥៧ គីឡូម៉ែត្រ ភ្លាមៗបានធ្លាក់ចូលទៅក្នុងទឹកដ៏ត្រជាក់ ដោយមានទាំងយានជំនិះ និងមនុស្ស បានចូលទៅក្នុងទន្លេផងដែរ។
ក្រុមអ្នកជួយសង្គ្រោះបានទាញ អ្នកនៅរស់រានមានជីវិតពីរនាក់ ទៅកាន់កន្លែងសុវត្ថិភាព ដែលក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អាជ្ញាធរបាននិយាយថា ប៉ុន្តែប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះសកម្ម ត្រូវបានផ្អាកប្រហែល ១៨ ម៉ោងបន្ទាប់ពីសោកនាដកម្មនេះ៕
ប្រែសម្រួលៈ ណៃ តុលា