ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសិស្សនិស្សិត ជ័យលាភី នៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារផ្សព្វផ្សាយ ពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជា ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួល បានការងារធ្វើ និងទទួលបានការងារសមរម្យ សម្រាប់ជួយជ្រោមជ្រែងគ្រួសារ។
ការអំពាវនាវបែបនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិត សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈដុនបូស្កូ ទួលគោក នៃអង្គការមូលនិធិ ដុនបូស្កូកម្ពុជាអន្តរជាតិ ចំនួន១១២៨នាក់ដែលបានសិក្សាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី បានលើកឡើងថា អតីតសិស្ស និស្សិត ឬសិក្ខាកាម ដែលជាអ្នកបញ្ចប់ការសិក្សា និងកំពុងបម្រើការងារ ឬប្រកបមុខរបរផ្សេងៗ ដោយសារតែជំនាញ បច្ចេកទេសវិជ្ជាជីវៈទាំងជាង១១០០នាក់នេះ នឹងអាចក្លាយជាអ្នកនាំសារ និងជាអ្នកផ្សព្វផ្សាយយ៉ាង មានប្រសិទ្ធិភាពបំផុត ដើម្បីបំផុសឱ្យយុវជន មកពីគ្រួសារក្រីក្រ ឬងាយរងគ្រោះ ចាប់អារម្មណ៍សិក្សា ជំនាញបច្ចេកទេស ។ ជំនាញបច្ចេកទេស ដែលជាយន្តការផ្លូវការត់ឱ្យមានជំនាញជាក់លាក់រយៈពេលខ្លី និងឆាប់ទទួលបានការងារ ធ្វើដើម្បីជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមគ្រួសារ។
សម្រាប់លោករដ្ឋមន្ត្រី ការជួយផ្សព្វផ្សាយ គឺជាកិច្ចការគុណធម៌មួយក្នុង នាមជាពលរដ្ឋខ្មែរម្នាក់ ដែលជួយផ្សព្វផ្សាយឱ្យយុវជន ដែលមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ មានជំនាញបច្ចេកទេស ដែលជាឈ្នាន់ឱ្យមានជីវភាព កាន់តែប្រសើរ តាមរយៈជំនាញបច្ចេកទេស បើទោះបីសិក្សានៅសាលាបច្ចេកទេស របស់រដ្ឋាភិបាល ឬអង្គការនានាក៏ដោយ។
លោករដ្ឋមន្ត្រី អះអាងប្រាប់អង្គពិធីថា ការសិក្សាជំនាញ បច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសត្រឹមត្រូវ សម្រាប់យុវជនដែលត្រូវការ ចំណូលលឿន ហើយមិនបង្កជាបន្ទុកគ្រួសារ ប៉ុន្តែផ្ទុយទៅវិញជួយផ្គត់ផ្គង់គ្រួសារ ឱ្យកាន់តែធូស្រាលមួយកម្រិតទៅវិញ ហើយក្រោយការសិក្សាបច្ចេកទេសវិជ្ជាជីវៈនេះ សិស្សនិសិ្សតទាំងអស់ នៅតែបន្តសិក្សាទៅមហាវិទ្យាល័យបានដដែល។
ភ្ជាប់នឹងការអំពាវនាវនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់ សិស្សនិស្សិត ជ័យលាភីទាំងអស់អំពីកម្មវិធី បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ ដែលជាកម្មវិធីថ្នាក់ជាតិ ដែលបានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាដែលជាក្រុមគោលដៅមានជំនាញ និងមានឱកាស ទទួលបានការងារសមរម្យឆាប់រហ័ស។
នៅចំពោះមុខជ័យលាភី និងសិស្ស នៃ សាលាបច្ចេកទេស ដុនបូស្កូ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សាលាដែលបានបណ្តុះបណ្តាល ជំនាញបច្ចេកទេសជាង៣០ឆ្នាំ នៅកម្ពុជាដែលធ្វើឱ្យវិស័យឯកជន ទទួលស្គាល់ពីគុណភាព នៃការបណ្តុះបណ្តាល៕