ភ្នំពេញ ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានអះអាងបញ្ជាក់ដល់យុវជន គណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស គឺជាយន្តការគន្លឹះ យ៉ាងសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានជីវភាព កាន់តែប្រើសើរ ដែលសមាជិកបក្សទាំងអស់ ត្រូវផ្សព្វផ្សាយ ឱ្យមានប្រសិទ្ធភាពបំផុត។
ការលើកឡើងនេះ គឺ នៅពេល ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពី” កម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ” ទៅដល់យុវជនគណបក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ប្រមាណ៣២០នាក់នេះ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
លោក បានសង្កត់ធ្ងន់ថា ការដាក់ចេញ នូវគោលនយោបាយ របស់គណបក្សដ៏សំខាន់នេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់ បានសត្វពីរព្រោះយុវជន ដែលមកពីគ្រួសារក្រីក្រនឹងមានជំនាញបច្ចេកទេស ជាក់លាក់ច្បាស់លាស់ដើម្បីទទួលបានឱកាសការងារ បានសមរម្យក្នុងរយៈពេលខ្លីរហ័ស ហើយម្យ៉ាងទៀត វិស័យឯកជន និងអ្នកវិនិយោគ ទទួលបានកម្លាំងពលកម្មជំនាញ ក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន ដែលជាអ្វីដែលវិស័យឯកជនចង់បាន ។ ដូចនេះ គោលនយោបាយរបស់គណបក្ស ជានយោបាយដ៏ត្រឹមត្រូវ និងចំកាលៈទេសៈ។
បើតាមការបញ្ជាក់ពីលោកហេង សួរដដែល ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះ កាន់តែងាយស្រួល និងទូលំទូលាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់ឱ្យ សាលាបណ្តុះបណ្តាល បច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាល នៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កើតឱកាសយ៉ាងទូលាយ សម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ។
លោក ហេង សួរ ក៏បានរំលឹកពីសារបាន ដែលជាដើមចម នៃការបង្កើតកម្មវិធី បណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្ស ប្រជាជនកម្ពុជា បានប្រកាសដាក់ចេញ កាលពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ឆ្នាំមុន។
ដើម្បីឱ្យយុវជនគណបក្ស រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានជ្រួតជ្រាបកាន់តែច្បាស់ លោកបានគូសបញ្ជាក់ ដោយពន្យល់លំអិតពីអត្ថប្រយោជន៍ នៃកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេសដែលជាគន្លឹះ សម្រាប់ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅនៅតាមមូលដ្ឋាន ឱ្យបានសិក្សារៀនសូត្រជំនាញជាក់លាក់ដោយឥតគិតថ្លៃ និងទទួលបាន ប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែម ខណៈដែលរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធានាក្នុងការស្វែងរកការងារ ជូនយុវជនមកពីគ្រួសារក្រីក្រថែមទៀតផង។
ជាមួយនឹងកម្មវិធីនយោបាយដ៏ល្អបែបនេះ របស់គណបក្សប្រជាជនកម្ពុជា លោក ហេង សួរ បានមើលឃើញថា ពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងហានិភ័យ នឹងមាន ជីវភាព កាន់តែប្រសើរ និងរីកចម្រើនដោយសារកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុក្ខពលរដ្ឋ គ្រប់ពេលវេលាក្រោមការគិតគូរយ៉ាង យកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕