ព័ត៌មានអន្តរជាតិ

ជប៉ុន នឹង​រក្សា​ទណ្ឌកម្ម​ពាណិជ្ជកម្ម ​លើ​រុស្ស៊ី​រយៈពេល​មួយ​ឆ្នាំ​ទៀត

Kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តកាលពីថ្ងៃសុក្រ ដើម្បីបន្តបដិសេធស្ថានភាពពាណិជ្ជកម្ម “ប្រទេសដែលពេញចិត្តបំផុត” របស់រុស្ស៊ី សម្រាប់រយៈពេលមួយឆ្នាំទៀតចាប់ពីចុងខែមីនា ដែលជាផ្នែកនៃទណ្ឌកម្មសេដ្ឋកិច្ចប្រ ឆាំងនឹងទីក្រុងម៉ូស្គូចំពោះការលុកលុយ យ៉ាងបង្ហូរឈាមរបស់ខ្លួនលើអ៊ុយក្រែន។

នៅខែមេសា ឆ្នាំ២០២២ សភារបស់ប្រទេសជប៉ុន បានផ្តល់ភ្លើងខៀវដល់វិធានការ ដែលនឹងដកហូតផលប្រយោជន៍របស់រុស្ស៊ី ដូចជាការកាត់បន្ថយពន្ធសម្រាប់រយៈពេលមួយឆ្នាំ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើប្រទេសនេះ ដោយការសម្រេចចិត្តចុងក្រោយ គឺការបន្ថែមជាលើកទីពីរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Shunichi Suzuki បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន នឹងនិយាយអំពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ “ដោយកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ” ។

ការនាំចូលទាំងអស់ពីប្រទេសរុស្ស៊ី នឹងបន្តត្រូវបង់ពន្ធខ្ពស់រហូតដល់ ដំណាច់ខែមីនា ឆ្នាំ២០២៥ រួមទាំងការដាក់កម្រិត ៥ភាគរយលើត្រី salmon កើនឡើងពី ៣,៥ភាគរយពីមុន និង ៦ ភាគរយលើក្តាម កើនឡើងពី ៤ភាគរយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top