តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងពង្រឹងភាពជាដៃគូសន្តិសុខរបស់ពួកគេជាមួយប្រទេសអង់គ្លេស អូស្ត្រាលី និងហ្វីលីពីន ដើម្បីប្រឆាំងនឹងជំហរ យោធាដ៏រឹងមាំរបស់ប្រទេសចិន។
ប្រភពបានឲ្យដឹងថា នៅក្រោមទំនាក់ទំនងសន្តិសុខ កាន់តែជិតស្និទ្ធ ប្រទេសទាំង៥ នឹងបង្កើនសមយុទ្ធរួមគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជំរុញកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាការពារ។
ភាពជាដៃគូថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានយល់ព្រមនៅក្នុងកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅថ្ងៃទី១០ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន។ វានឹងត្រូវដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវចេញ បន្ទាប់ពីកិច្ចប្រជុំកំពូល។
ប្រទេសជប៉ុន សង្ឃឹមសម្រាប់ទំនាក់ទំនងសន្តិសុខ កាន់តែរឹងមាំជាមួយសម្ព័ន្ធមិត្តបីផ្សេងទៀត របស់សហរដ្ឋអាមេរិក ដើម្បីឈរប្រឆាំងនឹងសកម្មភាពយោធា ដែលកំពុងកើនឡើង របស់ចិននៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ។
ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ង ដើម្បីពង្រឹងសម្ព័ន្ធភាពយោធាយ៉ាងឆាប់រហ័សអាចបង្កឱ្យចិនបង្កឱ្យមានការបែកបាក់ក្នុងតំបន់ និងអស្ថិរភាព នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចក្រភពអង់គ្លេសបានពង្រឹងការ ចូលរួមរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយគ្រោងនឹងដាក់ពង្រាយ ក្រុមនាវាផ្ទុកយន្តហោះ ទៅកាន់តំបន់នោះនៅឆ្នាំ២០២៥ ។ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការធ្វើសមយុទ្ធរួមគ្នា នៅជិតសមុទ្រជប៉ុនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា