ព័ត៌មានអន្តរជាតិ

អាមេរិក ចុះ​ហត្ថលេខា​ស្ងាត់ៗ ​ពី​ផ្ទេរយន្ដហោះ ទម្លាក់​គ្រាប់​បែក និង​យន្តហោះ​ចម្បាំង ​បន្ថែមទៀតឲ្យ​អ៊ីស្រាអែល

Xinhua

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុញ្ញាត ឱ្យផ្ទេរគ្រាប់បែក និងយន្តហោះចម្បាំង ដែលមានតម្លៃ រាប់ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះបីជាមានការប្រេះឆា កាន់តែខ្លាំងឡើង រវាងសេតវិមាន និងរដ្ឋាភិបាល របស់លោក នេតាន់យ៉ាហ៊ូ ជុំវិញប្រតិបត្តិការលើដីដ៏មានសក្តានុពលមួយ ដោយយោធាអ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា ។

កញ្ចប់សព្វាវុធថ្មីរួមមានគ្រាប់បែក MK84 ទម្ងន់ ២០០០ផោនជាង ១,៨០០គ្រាប់ និង MK84 ទម្ងន់ ៥០០ផោន ចំនួន ៥០០គ្រាប់ នេះបើយោងតាមមន្ត្រីមន្ទីរបញ្ចកោណ និងក្រសួងការបរទេស ដែលបាននិយាយទៅកាន់កាសែត Washington Post ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ខណៈដែលការអនុញ្ញាតនាពេលថ្មីៗនេះ មិនត្រូវបានបង្ហាញជាសាធារណៈ។

CNN បានរាយការណ៍ថា ការប្រើប្រាស់គ្រាប់បែកទម្ងន់ ២,០០០ផោនរបស់អ៊ីស្រាអែល គ្រាប់រំសេវធុនធ្ងន់ ដែលមានសមត្ថភាពសម្លាប់ ឬរបួសមនុស្សនៅចម្ងាយជាង 100 ម៉ែត្រ ក្នុងការវាយឆ្មក់នៅតំបន់ហ្គាហ្សា គឺជាប់ពាក់ព័ន្ធជាមួយ នឹងជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ។

អ៊ីស្រាអែល​កំពុង​ប្រឈម​មុខ ​នឹង​ការ​រិះគន់​អន្តរជាតិ​យ៉ាង​ខ្លាំង​ជុំវិញ ​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក ​ជា​បន្ត​របស់​ខ្លួន និង​ការ​វាយលុក​ដី​នៅ​ហ្គាហ្សា។ បណ្តាប្រទេសក្នុងតំបន់ និងអង្គការមនុស្សធម៌បានព្រមាន ពីផលវិបាកដ៏មហន្តរាយ នៃប្រតិបត្តិការជើងគោក ដែលបានគ្រោងទុករបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាង ១,៤លាននាក់រស់នៅ រួមទាំងជនភៀសខ្លួន ១,៣លាននាក់មកពីតំបន់ភាគខាងជើង។

ទោះបីជាមានការគាបសង្កត់ ពីអន្តរជាតិក៏ដោយ រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ បានលុបចោលកាលពីថ្ងៃចន្ទ នូវដំណើរទស្សនកិច្ចមួយ ក្រុមទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីជម្រើសដែលអាចកើតមាន ចំពោះការវាយលុកដោយ យោធាអ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា ដោយលើកឡើងពីការមិនអើពើរបស់សហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បោះឆ្នោតសម្រាប់ដំណោះស្រាយ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងអំឡុងខែដ៏វិសុទ្ធរបស់មូស្លីម រ៉ាម៉ាដាន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top