ព័ត៌មានអន្តរជាតិ

អាមេរិក៖ មានហេតុការណ៍ នាវាដឹកទំនិញមួយគ្រឿងទៀត បានបុកជាមួយសរសរស្ពាន US-59 លើទន្លេ Arkansas

RT News

បរទេស៖ កងល្បាតនៃរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក បានបិទស្ពានហាយវេមួយទាំងស្រុង បន្ទាប់ពីនាវាដឹកទំនិញ មួយគ្រឿងបានបុកស្ពាន US-59 ឆ្លងកាត់ទន្លេ Arkansas កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេវាស្ពានហាយវេរបស់រដ្ឋបានសរសេរនៅលើ X ដែលជាអតីត Twitterថា សមត្ថកិច្ចកំពុងបង្វែរចរាចរណ៍ ចេញពីតំបន់នោះទៅខាងត្បូងក្រុង Sallisaw រហូតដល់មានការត្រួតពិនិត្យ រចនាសម្ព័ន្ធអាចធ្វើបាន។ ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់សម្តីអ្នកនាំពាក្យល្បាត Sarah Stewart បាននិយាយថា មិនមានរបាយការណ៍អំពីរបួសនៅលើផ្លូវ ឬនាវាដឹកទំនិញនោះទេ។

គេមិនទាន់ដឹងភ្លាមថាអ្វីដែលនាំឱ្យមានការប៉ះទង្គិចគ្នានោះទេ ។ វីដេអូផ្សព្វផ្សាយនៅលើ X បង្ហាញពីពេលដែលនាវាដឹកទំនិញ គឺបានប៉ះនឹងស្ពាន។

ឧបទ្ទវហេតុនេះកើតឡើងតិច ជាងមួយសប្តាហ៍បន្ទាប់ពីនាវាដឹកទំនិញ MV Dali បានបុកដួលរលំទាំងស្រុងស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore ដោយបានសម្លាប់មនុស្ស ៦ នាក់ ។ នាវាដឹកទំនិញបានបុករចនាសម្ព័ន្ធស្ពានប្រវែង ២,៦ គីឡូម៉ែត្រ នៅព្រឹកព្រលឹមថ្ងៃអង្គារ ដែលបណ្តាលឱ្យ ស្ពានដួលធ្លាក់ចូលទៅក្នុងទន្លេ ដោយមានទាំងយានយន្ត និងមនុស្សធ្លាក់ទៅជាមួយផងដែរ។

ប្រតិបត្តិការសម្អាតការខូចខាតស្ពាន កំពុងតែបន្ត។ ខណៈពេលដែលនាវាដឹកជញ្ជូនទំនិញ និងកម្ទេចថ្មស្ពានកំពុងបិទផ្លូវ ទីក្រុងកំពង់ផែ Baltimore មិនអាចដំណើរការឡើងវិញនូវចរាចរណ៍ផ្លូវសមុទ្រ ដែលជាឧស្សាហកម្មសំខាន់ សម្រាប់តំបន់នោះទេ។ ក្រុមការងារបាននឹងកំពុងធ្វើការ ដើម្បីកាត់ផ្នែកខ្លះនៃស្ពានដែក ដោយផ្នែកទីមួយត្រូវបានដកចេញកាលពីថ្ងៃសៅរ៍។

តាមការប៉ាន់ប្រមាណមួយចំនួន វិក្កយបត្រជួសជុលអាចចំណាយរហូតដល់ ១ ពាន់លានដុល្លារ ប្រសិនបើស្ពានថ្មីទាំងមូលត្រូវសាងសង់ ។ នេះបើតាមកាសែត Washington Post បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top