ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ ត្រូវប្តេជ្ញាសម្រេចឲ្យបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌល ត្រូវប្តេជ្ញាសម្រេចឲ្យបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។

លោករដ្ឋមន្រ្តីបានឲ្យដឹងបន្តថា ករណីជំងឺគ្រុនឈាមត្រូវរួមគ្នា ធ្វើការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ឲ្យនៅតិចជាងពាក់កណ្តាលនៃចំនួនជំងឺដែលនឹងរំពឹកទុក នៅឆ្នាំ២០២៤នេះ។ ដូច្នេះថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបន្តប្រឹងប្រែងលុបបំបាត់ជំងឺដង្កូវព្រូន នៅតំបន់ដែលមានការចម្លងខ្ពស់។

លោកថា ទន្ទឹមនឹងនេះ បន្តធ្វើការអប់រំសុខភាពជំងឺក្នុងកម្មវិធីទាំង៣ ដូចជាទប់ស្កាត់មូសខាំ ចម្លងជំងឺគ្រុនចាញ់ លុបបំបាត់ជំរកដង្កូវទឹក និងកែប្រែទំលាប់ប្រជាជន កុំឲ្យហូបសាច់ឆៅ។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការប្រយុទ្ធនិងទប់ស្កាត់ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺដង្កូវព្រូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីសុខភាពប្រជាជនកម្ពុជា។

សូមរំលេចដែរថា ទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ខាងមុខនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ មេសា នៅស្រុកក្រវ៉ាញ់ ខេត្តពោធិ៍សាត់៕

To Top