ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ព្រមានរដ្ឋមន្រ្តីការពារជាតិបារាំងថា ការដាក់ពង្រាយទាហានទៅកាន់អ៊ុយក្រែន នឹងក្លាយជាមហន្តរាយសម្រាប់ប្រទេសបារាំង

Afp

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់សមភាគីបារាំង លោក Sebastien Lecornu អំឡុងពេលការហៅទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃពុធថា ការដាក់ពង្រាយទាហានទៅកាន់អ៊ុយក្រែន នឹងក្លាយជាមហន្តរាយសម្រាប់ប្រទេសបារាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការហៅទូរស័ព្ទរយៈពេលមួយម៉ោងគឺជាការសន្ទនាលើកដំបូងរវាងប្រមុខការពារជាតិបារាំង និងរុស្ស៊ី ចាប់តាំងពីខែតុលា ឆ្នាំ ២០២២។

យោងតាមការអានដែលផ្តល់ដោយក្រសួងការពារជាតិរុស្ស៊ី លោក Shoigu បានព្រមានថា ប្រទេសបារាំង “នឹងបង្កើតបញ្ហាសម្រាប់ខ្លួន” ប្រសិនបើបារាំងសម្រេចចិត្តបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ម្តងហើយម្តងទៀតនូវការរំពឹងទុកនៃការដាក់ពង្រាយកងទ័ពរបស់អង្គការណាតូ ដោយផ្តល់យោបល់ថា “ជម្រើសទាំងអស់គឺអាចធ្វើទៅបាន” ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ទីក្រុងប៉ារីសមិនមានផែនការបែបនេះទេ នៅពេលបច្ចុប្បន្ននេះ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne បាននិយាយកាលពីខែកុម្ភៈថា ប្រទេសបារាំងអាចនៅចំណុចខ្លះនៃការបញ្ជូនអ្នកដោះមីន និងបុគ្គលិកមិនប្រយុទ្ធផ្សេងទៀត។

ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែនជាគោលដៅវាយប្រហារស្របច្បាប់។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានកាលពីខែមុនថា ការដាក់ពង្រាយកងកម្លាំងបរទេសនៅអ៊ុយក្រែន គឺនឹងក្លាយជាការកើនឡើងដ៏ធំដែលនាំទៅរក “ផលវិបាកដែលមិនអាចជួសជុលបាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top