ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនមានចេតនាចូលក្នុងជម្លោះយោធា ជាមួយអង្គការណាតូនោះទេ។
លោក Grushko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដោយកាត់បន្ថយបណ្តាញសន្ទនាមកត្រឹមសូន្យ។
លោកបានលើកឡើងថា មានតែនៅពេលដែលរដ្ឋលោកខាងលិចដឹងថា ពួកគេនឹងមិនជោគជ័យដោយការ ដាក់ឆន្ទៈរបស់ពួកគេលើរុស្ស៊ី ឬអាចកសាងសន្តិសុខដោយគ្មានរុស្ស៊ីទេនោះ តើមានឱកាសសម្រាប់ការសន្ទនា ក្នុងក្របខ័ណ្ឌនៃស្ថាបត្យកម្មសន្តិសុខថ្មីមួយដែរទេ។
អ្នកការទូតរូបនេះ បានលើកឡើងថា “វាជាមូលដ្ឋានគ្រឹះ សម្រាប់ពួកយើងដែលស្ថាបត្យកម្មនេះឆ្លើយតប នឹងផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា ឧបករណ៍នៃអំណាច ដើម្បីធានាផលប្រយោជន៍របស់ប្រទេសសមាជិក ណាតូសម្រេចបាននូវ ចំណុចនេះដោយការប៉ុនប៉ង ដើម្បីសម្រេចបាននូវឧត្តមភាពខាងយោធា និងងាកទៅរកអន្តរាគមន៍យោធា ដែលទីបំផុតបំពានច្បាប់អន្តរជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា