ភ្នំពេញ ៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តសម្របសម្រួលពលករខ្មែរ ដែលបាននិងកំពុងត្រលប់ មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរនឹងបន្ត សម្របសម្រួល រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយ នៃការលើកលែងតម្លៃទិដ្ឋាការ ។ នេះបើតាមលោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។
លោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖«ក្រុមការងារ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត -បាងក្លងលឹក បន្តសហការយ៉ាងស្អិតល្មួត ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តទទួលស្វាគមន៏ បងប្អូនពលករចេញចូលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤»។
លោកបន្ថែមថា ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយ ជូនដំណឹង និងសុំឲ្យពលករ ជួយផ្សព្វផ្សាយ បន្តទៅដល់មិត្តភក្តិបងប្អូនពលករផ្សេងទៀត អំពីការលើកលែងថ្លៃសេវា និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក។
លោកបន្ថែមថា បងប្អូនពលករស្ទើរតែ១០០% បានដឹងពីអនុសាសន៍ របស់សម្ដេចធិបតីអំពីការលើកលែងថ្លៃសេវា ចេញ-ចូល (Re-Entry) ហើយបងប្អូនពលករ ទាំងអស់សប្បាយរីករាយ យ៉ាងខ្លាំងពីការលើកលែងថ្លៃសេវាចេញ-ចូល ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។
គូរឱ្យកត់សម្គាល់ថា ការលើកលែងការយកតម្លៃលើទិដ្ឋាការចេញ-ចូល ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះទទួលបានការអបអរសាទរ និង សប្បាយចិត្តពីសំណាក់បងប្អូនពលករ និងពលរដ្ឋខ្មែរនៅប្រទេសថៃយ៉ាងផុសផុល ។
គូសបញ្ជាក់ ផងដែរថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋ និងពលករខ្មែរចំនួន ២២,១១៣នាក់ បានវិលត្រលប់ពីប្រទេសថៃ តាមច្រកព្រំដែន អន្តរជាតិ កម្ពុជា ថៃ ដើម្បីមកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ខាងមុខនេះ៕