ព័ត៌មានអន្តរជាតិ

កង​កម្លាំង​អាមេរិក និង​ចិន ចាប់​ផ្តើម​កិច្ច​ចរចា​ដែន​សមុទ្រ​ ឡើង​វិញ​ជា​លើក​ទី​១ ចាប់​តាំង​ពី​ឆ្នាំ​២០២១

AFP

ប៉េកាំង៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា យោធាអាមេរិក និងចិន បានជួបពិភាក្សាគ្នាអំពី សុវត្ថិភាពប្រតិបត្តិការផ្លូវអាកាស និងដែនសមុទ្រជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរក្សាការប្រជែងរបស់ពួកគេ ឱ្យស្ថិតក្រោមការគ្រប់គ្រង។

កិច្ចប្រជុំរយៈពេលពីរថ្ងៃរហូតដល់ថ្ងៃព្រហស្បតិ៍ បានធ្វើឡើងនៅរដ្ឋហាវ៉ៃ ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងប្រធានាធិបតីលោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជីនពីង នៅពាក់កណ្តាលខែវិច្ឆិកា នៅជិតទីក្រុង San Francisco ដើម្បីបើកការចរចាដោយផ្ទាល់ពី យោធាទៅយោធានៅកម្រិតជាច្រើន។

កិច្ចពិភាក្សានៃក្រុមការងារ ពិគ្រោះយោបល់លើកិច្ចព្រមព្រៀង ដែនសមុទ្រយោធាត្រូវបានធ្វើឡើង រវាងតំណាងមកពីបញ្ជាការ កងនាវាចរប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក និងកងកម្លាំងអាកាសប៉ាស៊ីហ្វិកអាមេរិក និងសមភាគីយោធាចិនរបស់ពួកគេ។

យោងតាមបញ្ជារបស់សហរដ្ឋអាមេរិក អ្នកតំណាងបានពិនិត្យឡើងវិញនូវ ករណីទាក់ទងនឹងសុវត្ថិភាពជាក់លាក់ មួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានពិភាក្សាអំពីរបៀប ដែលល្អបំផុតដើម្បីធានា “សុវត្ថិភាព និងវិជ្ជាជីវៈប្រតិបត្តិការដែនសមុទ្រ និងអាកាសចរណ៍” ។

លោក Col. Ian Francis នាយកបញ្ជាការនៃកិច្ចការអាស៊ីឦសាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកនឹងបន្តប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក គ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយយើងទទួលខុសត្រូវនេះ យ៉ាងយកចិត្តទុកដាក់”។

លោក Francis ដែលដឹកនាំគណៈប្រតិភូ សហរដ្ឋអាមេរិកបានបន្ថែមថា “ការទំនាក់ទំនងបើកចំហ ដោយផ្ទាល់ និងច្បាស់លាស់” ជាមួយយោធាចិន ក៏ដូចជាជាមួយកងកម្លាំងផ្សេងទៀត ទាំងអស់នៅក្នុងតំបន់ “មានសារៈសំខាន់បំផុតដើម្បីជៀសវាងគ្រោះថ្នាក់ និងការទំនាក់ទំនងមិនត្រឹមត្រូវ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top