ព័ត៌មានអន្តរជាតិ

រុស្ស៊ីវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើក នៅតំបន់ Kharkov សម្លាប់មនុស្ស៦នាក់ និងរបួស១០នាក់

AFP

បរទេស ៖ មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានសម្លាប់ជនស៊ីវិល ៦ នាក់ និងរងរបួស ១០ នាក់កាលពីព្រឹកថ្ងៃសៅរ៍ ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះ ធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក។ វា​បាន​ផ្សព្វផ្សាយ​រូបភាព​នៃ​ភ្លើង​ដែល​បាន​ឆាបឆេះ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង និង​ក្បែរ​អគារ​នានា។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “គិតត្រឹមព្រឹកនេះ មានអ្នកស្លាប់ ៦ នាក់ និងរបួស ១០ នាក់ ដែលជាលទ្ធផល នៃការវាយប្រហារ ពីលើអាកាសនៅពេលយប់លើសង្កាត់ Shevchenkivskyi” ។

លោកបាននិយាយថា “ការវាយប្រហារបានវាយប្រហារតំបន់លំនៅដ្ឋាន — យ៉ាងហោចណាស់អគារខ្ពស់ចំនួនប្រាំបួន អន្តេវាសិកដ្ឋានចំនួនបី អគាររដ្ឋបាលមួយចំនួន ហាងមួយ ស្ថានីយ៍ប្រេងឥន្ធនៈ ស្ថានីយ៍សេវាកម្ម និងរថយន្តបានរងការខូចខាត។

សេចក្តីរាយការណ៍ព័ត៌មានបាននិយាយថា ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។

តំបន់ Kharkiv នៅភាគឦសាន នៃប្រទេស អ៊ុយក្រែន គឺជាគោលដៅរបស់រុស្ស៊ី ជាញឹកញាប់ ជាមួយនឹងការវាយប្រហារ កាន់តែខ្លាំងឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ កាលពីថ្ងៃពុធ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុងបានសម្លាប់មនុស្ស ៤ នាក់ និងធ្វើឱ្យអគារផ្ទះល្វែងរង ការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ប្រធានបុគ្គលិក របស់ប្រធានាធិបតី Volodymyr Zelenskyy លោក Andriy Yermak បានប្រាប់សារព័ត៌មាន Politico នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានមើល ឃើញថា តំបន់ Kharkiv គឺជាគោលដៅដែលទំនងបំផុត សម្រាប់ការវាយលុកថ្មី របស់រុស្ស៊ីនៅក្នុងខែឧសភា ឬខែមិថុនា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top