វីយែន៖ ប្រទេសរុស្ស៊ី បានស្នើសុំសម័យប្រជុំវិសាមញ្ញមួយ នៃក្រុមប្រឹក្សាអភិបាល ប្រទេសចំនួន៣៥ នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជុំវិញអ្វីដែលខ្លួនអះអាងថា គឺជាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រថាមពល នុយក្លេអ៊ែរ Zaporizhzhia (ZNPP)។
លោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំអង្គការអន្តរជាតិ នៅទីក្រុងវីយែនបានឲ្យដឹង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាសំណើនេះត្រូវបានធ្វើឡើង ស្របតាមច្បាប់នីតិវិធី របស់ក្រុមប្រឹក្សាភិបាល IAEA ។
រោងចក្រថាមពលនុយក្លេអ៊ែរ ZNPP បានរាយការណ៍ពីការវាយប្រហារ ដោយយន្តហោះដ្រូន ជាច្រើនគ្រឿងកាលពីថ្ងៃអាទិត្យ។ យោងតាម IAEA វាជាលើកទីមួយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលរោងចក្រនេះត្រូវបាន “កំណត់គោលដៅដោយផ្ទាល់ នៅក្នុងសកម្មភាពយោធា” ។
IAEA បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា ការវាយប្រហារបានបង្កការខូចខាត ដល់អង្គភាពថាមពលមួយក្នុងចំណោមអង្គភាពថាមពលទាំង៦ របស់រោងចក្រ ZNPP ប៉ុន្តែសុវត្ថិភាពនុយក្លេអ៊ែរ មិនត្រូវបានសម្របសម្រួលនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា គ្មានអ្នកណាត្រូវស្តីបន្ទោស ចំពោះការវាយប្រហារនេះទេ។
រុស្ស៊ីបានឲ្យដឹងថា អ៊ុយក្រែនបានវាយប្រហាររោងចក្រ ZNPP ធ្វើឱ្យមនុស្ស ៣នាក់រងរបួស ដែលធ្វើការនៅរោងចក្រនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងកាលពីថ្ងៃចន្ទថា ការបាញ់ផ្លោងនាពេលថ្មីៗនេះលើរោងចក្រ ZNPP គឺជា “ការបង្កហេតុដ៏គ្រោះថ្នាក់បំផុត” ជាមួយនឹងផលវិបាកដ៏អវិជ្ជមាន ៕
ប្រែសម្រួល ឈូក បូរ៉ា