ព័ត៌មានអន្តរជាតិ

ប្រទេសឡាវ កំពុងបង្កើនកិច្ចខិតខំ ប្រឹងប្រែង កាត់បន្ថយស្រ្ដីមានផ្ទៃពោះ ក្នុងវ័យជំទង់

Xinhua

វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយអត្រាខ្ពស់នៃអាពាហ៍ពិពាហ៍កុមារ និងការមានគភ៌ក្នុងវ័យជំទង់ នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋាភិបាលឡាវ បានចាប់ដៃគូជាមួយមូលនិធិអង្គការសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ដោយចាប់ផ្តើមរបាយការណ៍សំខាន់មួយ ដែលមានចំណងជើងថា “ការយល់ដឹងអំពីផ្លូវឆ្ពោះទៅរកការមានគភ៌ក្នុងវ័យជំទង់នៅអាស៊ីអាគ្នេយ៍”។

ទីភ្នាក់ងារសារព័ត៌មានឡាវ បានរាយការណ៍នៅថ្ងៃពុធនេះថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាសំខាន់ នៃការមានផ្ទៃពោះក្នុងវ័យជំទង់តាមរយៈការស្រាវជ្រាវ និងការវិភាគដ៏ទូលំទូលាយ។

ឡាវ មានអត្រារៀបការមានកូន និងស្ត្រីវ័យជំទង់ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដោយស្ត្រីឡាវ ៣០,៥ ភាគរយរៀបការមុនអាយុ ១៨ឆ្នាំ និង ១៧,៤ ភាគរយមានកូនដំបូងមុនអាយុ ១៨ឆ្នាំ។

រដ្ឋាភិបាលឡាវ មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការដោះស្រាយការមានគភ៌ក្នុងវ័យជំទង់ និងអាពាហ៍ពិពាហ៍កុមារ តាមរយៈយុទ្ធសាស្ត្ររួមបញ្ចូលគ្នា និងអន្តរាគមន៍ផ្អែកលើភស្តុតាង ។ ការយល់ដឹងពីរបាយការណ៍នេះ គឺមានតម្លៃមិនអាចកាត់ថ្លៃ បានក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការធានា បាននូវអនាគតប្រកបដោយសុខភាពល្អ និងអនាគតសម្រាប់ក្មេងជំនាន់ក្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top