ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន៖ កងទ័ពរំដោះប្រជាជនចិន នឹងវាយប្រហារយ៉ាងខ្លាំងក្លា ចំពោះរាល់សកម្មភាពធ្វើអបគមន៍ របស់ជនដែលចង់ឱ្យតៃវ៉ាន់”ឯករាជ្យ “

នារសៀលថ្ងៃទី១២ ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិចិន បានប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធ នឹងរឿងយោធានាពេលថ្មីៗនេះ។

មានអ្នកយកព័ត៌មានសួរថា៖ យោងតាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗនេះ មេបញ្ជាការកងទ័ពជើងទឹក នៃតំបន់តៃវ៉ាន់ប្រទេសចិនបានទៅទស្សនកិច្ច នៅទីស្នាក់ការទូទៅប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របស់យោធាសហរដ្ឋអាមេរិកនៅកោះហាវ៉ៃ ព្រមនិងចូលរួមសកម្មភាពពាក់ព័ន្ធ នឹងយោធាសហរដ្ឋអាមេរិក។ មានបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយ នៃការអនុវត្តរបស់សហរដ្ឋអាមេរិកនូវ “គំនិតការពារដែនកោះរួមគ្នា” ក្នុងគោលបំណងសម្របសម្រួល ជាមួយអាជ្ញាធរតៃវ៉ាន់ដើម្បីប្រឆាំងនឹង កម្លាំងយោធារបស់ចិននៅក្នុង “ខ្សែសង្វាក់កោះទីមួយ” ។ តើអ្នកនាំពាក្យមានការ អធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Wu Qian បានលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះរាល់ការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងយោធាតាមគ្រប់ ទម្រង់រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ចិន។ គោលជំហរនេះគឺច្បាស់លាស់ណាស់។ តំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាច កាត់ផ្តាច់បាននៃទឹកដីរបស់ចិន បញ្ហាតៃវ៉ាន់ក៏ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែរ ដែលមិនអនុញ្ញាតឱ្យកម្លាំង ខាងក្រៅធ្វើការជ្រៀតជ្រែកទេ។ អ្វីដែលគេហៅថា “ខ្សែសង្វាក់កោះទីមួយ” គឺជាផលិតផលនៃភូមិសាស្ត្រនយោបាយ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ការប៉ុនប៉ងណាមួយដែលចង់បិទខ្ទប់ប្រទេសចិន វាបានតែជាការស្រមើលស្រមៃ ដែលមិនអាចទៅរួចតែប៉ុណ្ណោះ។ កងទ័ពរំដោះប្រជាជនចិននឹង វាយប្រហារចំពោះរាល់សកម្មភាពធ្វើអបគមន៍ របស់ជនដែលចង់ឱ្យតៃវ៉ាន់”ឯករាជ្យ” ៕

To Top