ព័ត៌មានជាតិ

លោក សយ សុភាព ស្នើអភិបាលខេត្តតាកែវ ពិចារណាអនុញ្ញាត ឱ្យស្តារបឹងបត់រកា

តាកែវ៖ លោក សយ សុភាព ក្នុងនាមជាប្រពលរដ្ឋម្នាក់ រស់នៅក្នុងស្រុកសំរោង បានស្នើលោក អ៊ួច ភា អភិបាលខេត្តតាកែវ គួរពិចារណា អនុញ្ញាតឱ្យមានស្ដារបឹងបត់រកា ដើម្បីរក្សាទឹកប្រើប្រាស់ ។

ការស្នើនេះធ្វើឡើង បន្ទាប់ពីមើលឃើញជាក់ស្ដែង ពីស្ថានភាពទឹករីងស្ងួត នៅបឹងបត់រការ ជាពិសេសការខ្វះទឹកសម្រាប់ប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋចំនួន៥ឃុំ ស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ។

ដោយឡែកពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ម្ចាស់ស្ថាននីយ៍ ក៏បានជូនដំណឹងជាច្រើនដងរួចមកហើយដែរ ជុំបញ្ហាកង្វះប្រភពទឹកផ្គត់ផ្គង់ ក្នុងនោះជាថ្មីម្ដងទៀត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ស្ថាននីយ៍ទឹកស្អាតបត់រកា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្អង់ទឹកស្អាតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។

ជុំវិញករណីកង្វះទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នេះ លោក សយ សុភាព តាមរយៈគនណីហ្វេសប៊ុក បានលើកឡើងជាយោបល់ថា ក្នុងកម្រិតបឹងបត់រកា គឺអាជ្ញាស្រុកអាចមានលទ្ធភាពស្ដារបាន ដោយសហការជាមួយដៃគូឯកជន (ម្ចាស់ស្ថានីយ៍ទឹកស្អាត) ។

លោក សយ សុភាព សង្ឃឹមថាអភិបាលខេត្តតាកែវ នឹងយោគយល់ ហើយអាចដំណើរការស្តារបាន មុនរដូវវស្សាមកដល់។

លោក សយ សុភាព បន្ថែមថា មិនថា ”បឹងបត់រកាទេ សូម្បីការផ្គត់ផ្គង់ទឹកស្អាត នៅឃុំរវៀង ក៏អាចប្រឈមអស់ទឹកដូចគ្នា។ តែបឹងរបត់រកា អាចស្តារបាន ហើយឥឡូវនេះ ខាងស្រុកសំរោង កំពុងរកលទ្ធភាពប្រភពទឹកផ្សេងទៀត សម្រាប់ឱ្យស្ថានីយ៍ផលិតទឹកស្អាតបត់រកា ដកដង្ហើមបានបន្តិចទៀត។
ប្រសិនបើបឹងបត់រកា នឹងត្រូវបានស្តារក្នុងកំរិតណានោះ បញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់ចំនួន៥ឃុំ នឹងអស់កង្វល់មួយរយៈពេលវែង។

ពាក់ព័ន្ធទៅនឹងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗ លោក សយ សុភាព ក៏លើកទឹកចិត្ត និងសំណូមពរ ដល់រដ្ឋមន្ត្រីក្រសួងធនធានទឹក ឱ្យចុះមកពិនិត្យមើលស្ថានភាពរីងស្ងួតជាក់ស្ដែង ក្នុងបឹងមួយនេះ ផងដែរ »៕

To Top