ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួង សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ​ ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងការអនុវត្ត តាមយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការស្ថានភាព ជាក់ស្តែងរបស់កម្ពុជា និង និន្នាការបរិស្ថានពិភពលោក សម្រាប់ឲ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ ។

លោក អ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថាន តាម រយៈមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ បានបណ្តុះកូនឈើគ្រប់ប្រភេទ ត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំ បានចំនួនជាង១លានដើម រួចហើយ ដោយឡែកឯកឧត្តមផ្ទាល់ នឹងផ្តល់ជូនកូនត្នោតចំនួន ជាង៣០ម៉ឺនដើមបន្ថែមទៀត សម្រាប់យុទ្ធនាការបៃតងកម្ពុជា ដែលកំណត់យកការដាំកូនឈើ យ៉ាងតិច១លានដើម ចាប់ពីឆ្នាំ២០២៤៕

To Top