បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក បានធ្វើការសម្រេចចិត្តវេតូ លើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ ប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិក នៃស្ថាប័នពិភពលោកនេះ។
បច្ចុប្បន្នប៉ាឡេស្ទីនគឺជា រដ្ឋអ្នកសង្កេតការណ៍អចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំជាច្រើន ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោត ដូចទៅនឹងប្រទេស ឯករាជ្យដទៃទៀតឡើយ ។
សេចក្តីព្រាងច្បាប់ដែលត្រូវបាន ដាក់ឲ្យពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ មានអនុសាសន៍មួយទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ ដើម្បីធ្វើការបោះឆ្នោត ស្តីពីការធ្វើបច្ចុប្បន្នភាពស្ថានភាព របស់ប៉ាឡេស្ទីននៅក្នុងអង្គការហើយ ឯកសារនេះត្រូវបានច្រានចោលដោយមានសំឡេងគាំទ្រ ១២ សំឡេង ប្រឆាំងមួយ និងអនុប្បវាទចំនួន២ ។
គួរឲ្យដឹងដែរថាសម័យប្រជុំក្រុមប្រឹក្សា សន្តិសុខបានធ្វើឡើងខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បានឈានចូលដល់ខែទី៧របស់ខ្លួន ដោយ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនជិត៣៤០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី៧ ខែតុលា ៕
ប្រែសម្រួល៖ស៊ុនលី