ព័ត៌មានជាតិ

សម្តេចតេជោ នឹងឲ្យមេធាវី ដកពាក្យបណ្តឹង ដែល ប្តឹងលោក ជា ប៉ូច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសម្រេចឲ្យមេធាវី ដកពាក្យបណ្តឹងដែលប្តឹងលោក ជា ប៉ូចអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិទៅតុលាការ។

ការសម្រេចឲ្យមេធាវីធ្វើបែបនេះពីសំណាក់សម្តេចតេជោ ធ្វើឡើងនារាត្រីថ្ងៃ២៣ មេសា ក្រោយសម្តេចទទួលយកការសុំអភ័យទោសពីលោក ជាប៉ូច។ នេះបើតាមហ្វេសប៊ុកសម្តេចតេជោ។

ក្នុងហ្វេសប៊ុកសម្តេចបញ្ជាក់ថា “ជូនលោកជា ប៉ូច ខ្ញុំបានទទួលរួចហើយនូវលិខិត របស់លោក។ ក្នុងស្មារតី បង្រួបបង្រួមជាតិខ្ញុំ សូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការ ដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់”។

សម្រាប់នេះដែរ សម្តេចគូសបញ្ជាក់ផ្តាំទៅកាន់ក្រុមអតីតមន្រ្តីនៃអតីតបក្សប្រឆាំងថា “ខ្ញុសូមយកឱកាស នេះបញ្ជាក់ថា យើងនឹងទទួលយកការសុំទោស ពីមនុស្សផ្សេងទៀត ដែលទទួលកំហុសនិងប្រកាសផ្តាច់ខ្លួន ចេញពីជនក្បត់ជាតិបីជំនាន់នឹងសូមលើកលែងទោសឲ្យពួកគេ តែយើងមិនអត់ឱនឲ្យជនណាឬក្រុមណាក៏ដោយដែលបន្តដើរ តាម ជនក្បត់ជាតិនេះជាដាច់ខាត”។

ក្នុងនោះសម្តេចសង្កត់ធ្ងន់ថា នឹងបន្តប្រើផ្លូវច្បាប់ ​ ដើម្បីចាត់ការលើក្រុមណា​​ ឬបុគ្គលណាដែលជេរប្រមាថ មួលបង្កាច់មកលើគណបក្សឬមកលើសម្តេច តទៅទៀតដោយគ្មានការលើកលែង។

សម្តេចថា “យើងមិនអាចអត់ឱនឲ្យបានទេ ចំពោះ ជនណាឬក្រុមណា ក៏ដោយមិនថាខ្មែរឬបរទេស ដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់ របស់អ្នកបានឡើយ”។

សូមបញ្ជាក់ថា លោក ជា ប៉ូចនិងមន្រ្តីបក្សប្រឆាំងផ្សេងទៀត ត្រូវបានក្រុមមេធាវីសម្តេចតេជោ ប្តឹងពីបទជេរប្រមាថមកលើសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា កាលពីប៉ុន្មានឆ្នាំមុន៕

To Top