វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់ប្រទេសចិនកាលពីថ្ងៃពុធ ដើម្បីជួបពិភាក្សាជាមួយសមភាគីចិនលោក វ៉ាង យី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក្នុងគោលបំណង ដើម្បីធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងទ្វេភាគី ចំពេលមានភាពតានតឹងជុំវិញបញ្ហាជាច្រើន។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បានមកដល់ទីក្រុងសៀងហៃ ដោយត្រឡប់ទៅប្រទេសអាស៊ីវិញ ជាលើកដំបូងក្នុងរយៈពេល ១០ខែ។ លោក Blinken អាចនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង អំឡុងពេលស្នាក់នៅរបស់លោក។
លោកត្រូវបានគេរំពឹងថា នឹងបង្ហាញពីការព្រួយបារម្ភ លើការគាំទ្ររបស់ចិន សម្រាប់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី និងពិភាក្សាអំពីបញ្ហាអាទិភាពខ្ពស់ផ្សេងទៀត រួមទាំងភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ដំណើរទស្សនកិច្ចនៅប្រទេសចិន របស់លោកធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ច របស់រដ្ឋលេខាធិការរតនាគារលោកស្រី Janet Yellen នៅដើមខែនេះ បន្ទាប់ពីលោក ស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទអំពីសារៈសំខាន់នៃកិច្ចពិភាក្សាទ្វេភាគីកម្រិតខ្ពស់ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនង។
ខណៈពេលដែលប្រទេសចិន បានស្វាគមន៍ដំណើររបស់លោក Blinken វាមានប្រតិកម្មយ៉ាងខ្លាំងចំពោះការអះអាង របស់សហរដ្ឋអាមេរិកដែលថាប្រទេសចិន បាននិងកំពុងគាំទ្រមូលដ្ឋាន ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ចំពេលមានការលុកលុយចូលអ៊ុយក្រែន ដោយការចែករំលែកឧបករណ៍ម៉ាស៊ីន ឧបករណ៍ semiconductors និងរបស់ប្រើប្រាស់ពីរផ្សេងទៀត ដោយហេតុនេះធ្វើឱ្យប៉ះពាល់ ដល់ការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន “បន្តធ្វើការចោទប្រកាន់ដោយគ្មាន មូលដ្ឋានលើការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចធម្មតា” រវាងប្រទេសចិន និងរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា