ព័ត៌មានអន្តរជាតិ

បង់ក្លាដេស ប្រកាសអំពីការកើនឡើងកម្តៅខ្លាំង ដែលកើតឡើងស្ទើរទូទាំងប្រទេស

Xinhua

ដាកា៖ប្រទេសបង់ក្លាដេស បានបន្តការជូនដំណឹងអំពីកម្តៅដែលថា រលកកម្តៅដែលកំពុងបន្តទំនងជា នឹងបន្តរយៈពេល ៧២ម៉ោងបន្ថែមទៀត គិតចាប់ពីព្រឹកថ្ងៃអាទិត្យ ។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងក្រោយ ពីមានការប្រកាសអាសន្ននៅមុននេះនៅថ្ងៃទី១៩ ខែមេសា ថ្ងៃទី២២ ខែមេសា និងថ្ងៃទី២៥ ខែមេសា ខណៈដែលនាយកដ្ឋានឧតុនិយមបង់ក្លាដែស ហៅកាត់ថា (BMD) បន្តតាមដាន និងឆ្លើយតបទៅនឹងគំរូអាកាសធាតុ ដ៏លំបាកដែលប៉ះពាល់ដល់ផ្នែកភាគច្រើន នៃប្រទេសបង់ក្លាដេស ។

នាយកដ្ឋាន BMD បានឲ្យដឹងអំពីការកើនឡើងនៃ សំណើមដែលជាកត្តារួមចំណែក ដល់ស្ថានភាពមិនស្រួលដែលស្ថិតស្ថេរ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង ដែលបានឈានដល់កម្រិតខ្ពស់គឺ ៤២អង្សាសេ នៅក្នុងផ្នែកខ្លះនៃប្រទេសនៅក្នុងខែនេះ។

គួររំលឹកថា កាលពីថ្ងៃអាទិត្យ លោក Omar Faruk អ្នកឧតុនិយមដែលធ្វើការ នៅមជ្ឈមណ្ឌលព្រមានអំពីព្យុះនៃ BMD បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា សីតុណ្ហភាពខ្ពស់បំផុតរបស់ ប្រទេសបង់ក្លាដេស ត្រូវបានកត់ត្រានៅ ៤២,២អង្សាសេ នៅស្រុក Jashore ចម្ងាយប្រហែល១៦៤គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី ដាកា ។

លោកបានបញ្ជាក់ថា នៅក្រុងដាកា សីតុណ្ហភាពបានកើនឡើងដល់ ៣៩អង្សាសេ កាលពីថ្ងៃអាទិត្យ ។

កម្តៅបានចាប់ផ្តើមនៅដើមខែមេសា ហើយបន្តធ្វើឱ្យមនុស្សហត់នឿយ ក្នុងម្លប់អ្វីក៏ដោយដែលពួកគេរកឃើញនៅទីក្រុងដាកា និងកន្លែងផ្សេងទៀតក្នុងប្រទេស។ អ្នកជំនាញបានព្រមានថា មនុស្សរាប់លាននាក់កំពុងប្រឈមនឹងហានិភ័យ នៃការប៉ះពាល់ទាក់ទងនឹងកម្ដៅក្នុងប្រទេស ដោយភ្ជាប់ការចាប់ផ្ដើមរដូវក្ដៅខ្លាំង ទៅនឹងការប្រែប្រួលអាកាសធាតុ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top