ភ្នំពេញ៖ នៅចំថ្ងៃប្រារព្ឋ ទិវាពលកម្មអន្តរជាតិ ១ឧសភានេះ សហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការអនុវត្ត សិទ្ធិសេរីភាព របស់សហជីព នៅមូលដ្ឋាន ក៏ដូចជាសហជីពថ្នាក់ជាតិ ទទួលបានការគាំពារសិទ្ធិ ដោយច្បាប់យ៉ាងពេញលេញ និងបានអនុវត្តសិទ្ធិ របស់ខ្លួនយ៉ាងទូលំទូលាយដែលបង្ហាញពីសិទ្ធិសេរីភាព គ្មានការបង្ក្រាប ហើយស្ថានភាពរបស់សហជីពនៅកម្ពុជា ក៏មានភាពល្អជាងប្រទេសជិតខាងក្នុងតំបន់។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមើលឃើញថា ការអនុវត្តសិទ្ធិសេរីភាព របស់សហជីព មានភាពល្អប្រសើរ ដោយបានអនុវត្តសិទ្ធិសេរីភាព របស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចារជាមួយថៅកែរោងចក្រ ។ ប្រការនេះ បានបង្ហាញថា កម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាព ដែលជាឋានសួគ៌របស់សហជីព ។
បន្ថែមពីនេះ លោក សុំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានអះអាងថាសិទ្ធិ នៃការបង្កើតសហជីព នៅមូលដ្ឋានក៏បានរីកចម្រើនដែលមិនមានការរារាំងនិងរំខានពីរាជរដ្ឋាភិបាលនោះឡើយដែលធ្វើឱ្យចំនួនសហជីពបានកើនដល់ជាង៦០០០នាពេលបច្ចុប្បន្ន ។ បើតាមប្រធានសហជីពចាស់វស្សារូបនេះ សហជីពដែលត្រូវបានរារាំង មានតែសហជីពឬការបង្កើតណាមួយដែលខុសច្បាប់ស្តីពីការងារតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកកត់សម្គាល់ថា មានតែនៅកម្ពុជាប៉ុណ្ណោះ ដែលមានសហជីពច្រើនជាងគេ ដែលបង្ហាញពីសិទ្ធិសេរីភាពដ៏ទូលាយ របស់សហជីពនៅកម្ពុជាប្រៀបធៀប នឹងបណ្តាប្រទេសក្នុងតំបន់៕