ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារនឹងពិនិត្យញត្តិ ដែលក្រុមសហជីព អង្គការសង្គមស៊ីវិល បងប្អូនកម្មករនិយោជិត បានដាក់មកកាន់ក្រសួងការងារ។
ការលើកឡើងបែបនេះ បន្ទាប់ពីមានអង្គការសង្គមស៊ីវិល សហជីព និងបងប្អូនកម្មករនិយោជិត ប្រមាណ១០០នាក់ បានមកប្រមូលផ្តុំគ្នាដាក់ញត្តិ មកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នេះ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជុំវិញញត្តិដែលបានដាក់មកកាន់ក្រសួងការងារ នៅពេលនេះ ក្រសួងនឹងពិនិត្យអ្វី ដែលជាការលើកឡើង របស់សហជីព អ្វីដែលក្រសួងបានអនុវត្តដោយជោគជ័យ អ្វីដែលក្រសួងកំពុងអនុវត្ត និងអ្វីដែលជាការលើកឡើង មិនឆ្លុះបញ្ចាំងការពិត។
លោកបន្ថែមថា ការប្រមូលផ្តុំតវ៉ា និងដាក់ញត្តិរបស់សហជីព និងអង្គការសង្គមស៊ីវិល បង្ហាញអោយឃើញ ពីលំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិល នៅកម្ពុជា ដែលមានសេរីភាពពេញលេញ មិនដូចការលើកឡើងថា លំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិល នៅកម្ពុជាមានការរិតត្បិតនោះទេ។
លោកបន្តថា ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ទោះជននោះជានរណា មកពីស្ថាប័នណា អង្គការណា សហជីពណាក៏ដោយ គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសណាក៏អនុវត្តច្បាប់របស់ខ្លួនដើម្បីធានាសុវត្ថិភាព ស្ថេរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍សាធារណៈ ។
លោកសង្កត់ធ្ងន់ថាការធ្វើវិសោធនកម្មច្បាប់ សហជីពនិងច្បាប់ការងារមានគោលដៅធានាផលប្រយោជន៍ និងសិទ្ធិរបស់កម្មការនិយោជិត និយោជក និងសេរីភាពសហជីព ព្រមទាំងបង្កភាពងាយ ស្រួលក្នុងការចុះបញ្ជីការ និងការប្រព្រឹត្តទៅរបស់សហជីព។
ក្នុងនោះចំនួនសហជីពជាង៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួនច្រើនណាស់ ដោយសារអ្វី គឺដោយសារលំហសេរីភាពសហជីព ភាពងាយស្រួលក្នុងការចុះបញ្ជីការ និង ការតាក់តែងលក្ខន្តិកៈរបស់ខ្លួនដោយសេរី ព្រមទាំងសេរីភាពដ៏ទូលំទូលាយ នៃការប្រព្រឹត្តទៅរបស់សហជីពនៅកម្ពុជា ។
លោកបន្ថែមថា ច្បាប់សហជីពរបស់កម្ពុជាផ្តល់លក្ខខណ្ឌបង្កើត សហជីពតម្រូវឲ្យមានកម្មករនិយោជិត១០នាក់ គឺល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន និងអនុសាសន៍របស់អង្គការ ILO (ILO តម្រូវឲ្យមានកម្មករនិយោជិក៥០នាក់ អូស្ត្រាលី ហ្វីលីភិន បង់ក្លាដែស តម្រូវឲ្យមានកម្មករនិយោជិត ៥០នាក់ ឬ២០% ឬ៣០%) ។
លោកបន្តថាក្រសួងជំរុញឲ្យមាន ការចរចាជាសមូហភាព ដើម្បីចុះអនុសញ្ញារួម តាមរយៈការសម្របសម្រួលនីតិវីធីសម្រាប់សហជីព។ បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់ សហជីព ចំនួនចុះបញ្ជីទទួលស្គាល់ភាពជាតំណាងមានការកើនឡើងពី ៥៦៤ក្នុងឆ្នាំ២០១៩ ដល់៦២៤ក្នុងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះការដោះស្រាយវិវាទការងារមានចំនួនសះជាស្មើនិង៩១.៨០% កើនឡើងជាងឆ្នាំ២០២៣ ដែលមានចំនួន៨០.៩៥%។ តាមនីតិវីធី ក្នុងករណីមិនសះជា ក្រសួង បញ្ជូនទៅដោះស្រាយ នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ វិសោធនកម្មច្បាប់ការងារឆ្នាំ២០២១ បានផ្តល់ជម្រើសដល់ ភាគីនៃវិវាទបុគ្គល ក៏អាចប្តឹងទៅក្រុមប្រឹក្សា អាជ្ញាកណ្តាលផងដែរ ។
លោកបន្តថា ការប្រើប្រាស់កិច្ចសន្យាការងារ មានថេរវេលាកំណត់ ឬថេរវេលាមិនកំណត់ សុទ្ធតែទទួលបានអត្ថប្រយោជន៍បន្ថែមដូចគ្នា។ ចំណែកច្បាប់ការងារ និងច្បាប់សហជីព ហាមឃាត់រាល់ទម្រង់នៃការរើសអើងក្នុងការងារ និងសហជីព។ ក្រសួងលើកទឹកចិត្តដល់កម្មករនិយោជិត និងសហជីព ដាក់ពាក្យប្តឹងមកក្រសួងក្នុងករណីមានការរើសអើងណាមួយ។ រីឯយន្តការត្រីភាគីនៃក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា សុទ្ធតែមានសមាសភាពសហជីពចម្រុះ ដែលភាគីសហជីពខ្លួនឯងជាអ្នកជ្រើសរើស។
លោក កត្តា អ៊ន បញ្ជាក់ថាក្រសួងលើកទឹកចិត្ត ដល់សហជីព សូមយកបញ្ហាមកដោះស្រាយទល់មុខ មន្រ្តីទទួលបន្ទុកនៅក្រសួងការេងារ ដើម្បីផ្ទៀងផ្ទាត់រួមគ្នា និងរកដំណោះស្រាយសមស្រប លើករណីដែលរកឃើញថា មិនទាន់មានដំណោះស្រាយ៕