ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសថៃថា សំណើ របស់នាយករដ្ឋមន្រ្តី មិនអាចធានា១០០ភាគរយ ចំពោះការទប់ស្កាត់ការ ធ្វើរដ្ឋប្រហារនោះទេ

bankgkok post

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសថៃ លោក Sutin Klungsang កាលពីថ្ងៃពុធបានបង្ហាញ ពីទំនុកចិត្តលើសំណើដែលអនុញ្ញាត ឲ្យនាយករដ្ឋមន្ត្រីព្យួរតំណែង មន្ត្រីកំពូលៗណា ដែលត្រូវបានគេសង្ស័យថា បានរៀបចំរដ្ឋប្រហារយោធា ដោយលោកនិយាយថា វាអាចជាការរារាំងដ៏មានសក្តានុពល ប្រឆាំងនឹងអន្តរាគមន៍យោធា។

យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Sutin បានទទួលស្គាល់ថា ខណៈដែលសំណើនេះ ប្រហែលជា មិនធានា ១០០ភាគរយ ចំពោះការទប់ស្កាត់ ការធ្វើរដ្ឋប្រហារនោះទេ តែវាអាចកាត់បន្ថយយ៉ាងខ្លាំង នូវលទ្ធភាពនៃព្រឹត្តិការណ៍បែបនេះ ដែលកើតឡើង ដែលលោកចាត់ទុកថា ជាការអភិវឌ្ឍន៍វិជ្ជមាន។

ក្រោមសំណើនេះ នាយករដ្ឋមន្ត្រី ដោយមានការយល់ព្រម ជាមុនពីខុទ្ទកាល័យគណៈរដ្ឋមន្ត្រី ត្រូវបានអនុញ្ញាតឱ្យព្យួរ ការងារជាបន្ទាន់ពីមន្ត្រីជាន់ខ្ពស់ ដែលគ្រោងនឹងដណ្តើមអំណាច និងផ្តួលរំលំរដ្ឋាភិបាល។

សំណើនេះទើបទទួលបានការអនុម័ត ពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ ដែលដឹកនាំដោយលោក Sutin ។ វាទាមទារឱ្យមានការផ្លាស់ប្តូរច្បាប់ គ្រប់គ្រងមុខងាររដ្ឋបាល របស់ក្រសួងការពារជាតិផងដែរ។

ប្រទេសថៃបានធ្វើរដ្ឋប្រហារ ដោយជោគជ័យចំនួន ១២លើក ហើយនៅពេលសួរថា តើលក្ខណៈវិនិច្ឆ័យណា ដែលនាយករដ្ឋមន្ត្រី នឹងប្រើដើម្បីកំណត់ថាតើហានិភ័យ នៃរដ្ឋប្រហារជិតមកដល់នោះ លោក Sutin បាននិយាយថា ហានិភ័យអាចត្រូវបានវាយតម្លៃដោយផ្អែកលើចលនា និងសកម្មភាពជាក់លាក់ នៅក្នុងជួរយោធា៕
ប្រែសម្រួលៈ ណៃ តុលា

To Top