ព័ត៌មានជាតិ

បណ្ឌិត ឆាយ សុផល ត្រូវបានសមាគម អ្នកសារព័ត៌មាន អាស៊ី បោះឆ្នោត ឱ្យធ្វើជាប្រធាន

ទីក្រុងអ៊ីនឈាន់ (កូរ៉េខាងត្បូង) ៖ សមាគមអ្នកសារព័ត៌មានអាស៊ី (Asian Journalist Association ហៅកាត់ថា AJA) ដែលមានសមាជិក ចំនួន៤០ប្រទេស ក្នុងនោះក៏មានមជ្ឈឹមបូព៌ា អឺរ៉ុបខាងកើត អាស៊ី-ប៉ាហ្វ៊ិក និងអាស៊ីខាងត្បូងដែរ នៅសប្តាហ៍នេះ បានបោះឆ្នោតជ្រើសរើស បណ្ឌិត ឆាយ សុផល ឱ្យធ្វើជាប្រធានសមាគមនេះ ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ។

លោក Lee Sang-ki ជនជាតិកូរ៉េ ដែលជាស្ថាបនិក និងជាអតីតប្រធាន AJA បានបញ្ជាក់ថា ដោយសារតែកម្ពុជា មានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍឆាប់រហ័ស ក្រោយការជួបទុក្ខសោក អស់រយៈពេល ប្រមាណបីទសវត្សរ៍ ជាពិសេស ស្ថានភាពសេរីភាពសារព័ត៌មាន មានលក្ខណៈប្រសើរ នោះសមាជិក AJA តាមរយៈក្រុមប្រឹក្សាភិបាល ពិតជាមានមោទនភាពចំពោះកម្ពុជា ដែលត្រូវចែករំលែកទៅពិភពលោក តាមរយៈសមាជិក AJA នៅទូទាំងអាស៊ី និងនៅពិភពលោក ។

លោក Sang-ki បានបន្ថែមថា ម្យ៉ាងទៀត បណ្ឌិត ឆាយ សុផល មានពិតជាមានលក្ខណៈសម្បិត្តគ្រប់គ្រាន់ ទាំងសមត្ថភាព បទពិសោធន៍ និងកំរិតសិក្សាខ្ពស់ថ្នាក់បណ្ឌិត គឺពិតជាស័ក្តិសមធ្វើជាសំឡេងតំណាង អ្នកសារព័ត៌មានកម្ពុជាផង និងតំណាងសមាគម AJA ផង នៅក្នុងវិស័យព័ត៌មានជាសកល ខណៈដែលពិភពលោកកំពុងបារម្ភពីសង្រ្គាម វិបត្តិ និងក្តីវិនាសអន្តរាយ ។

លោក Sang-ki បន្តថា បើទោះជាសមាគមនេះ មានឈ្មោះថា «សមាគមអ្នកសារព័ត៌មានអាស៊ី» ក៏ដោយ ក៏នៅពេលកិច្ចប្រជុំប្រចាំឆ្នាំ សមាគមបានអញ្ជើញអ្នកសារព័ត៌មាន មកពីអាម៉េរិក អឺរ៉ុប និងអាហ្វ្រិកមកចូលរួមផងដែរ ។
កិច្ចការស្នូល របស់សមាគម AJA ត្រូវបានប្រតិបត្តិប្រចាំថ្ងៃ ដោយអគ្គលេខាធិការជាជនជាតិកូរ៉េ នៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងសេអ៊ូល និងមានអនុប្រធាន២រូប គឺជនជាតិម៉ាឡេស៊ី និងឥណ្ឌូណេស៊ី អមដោយប្រធានកិត្តិយស ជាជនជាតិសិង្ហបុរី ។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាអតីតអ្នកសារព័ត៌មានអាជីព ដ៏ចំណានមួយរូបផង បានសម្តែងការគាំទ្រ ចំពោះតួនាទីនេះរបស់បណ្ឌិត ឆាយ សុផល ខណៈលោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា ក៏បានបង្ហាញពីការសាទរ ចំពោះបណ្ឌិត ឆាយ សុផល ដោយបញ្ជាក់ថា តាមរយៈនាទីនេះ បណ្ឌិត ឆាយ សុផល អាចស្វែងរកជ្រុងណាមួយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្លិបអ្នកការសែតកម្ពុជា និងសមាគម AJA នៅពេលខាងមុខ ដើម្បីឱ្យអ្នកសារព័ត៌មានកម្ពុជា បានផ្លាស់ដំណើរទស្សនកិច្ចទៅបរទេស ។

សមាគម AJA ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ នៅទីក្រុងសេអ៊ូល ដែលជាស្ថាប័នចាត់តាំងព័ត៌មានអន្តរជាតិ លើកស្ទួយសន្តិភាព ការរួបរួម និងកិច្ចសហការជាសកល ហើយពង្រឹងសេរីភាពសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ ។

សូមរម្លឹកថា សម្រាប់កាងារ បណ្ឌិត ឆាយ សុផល មានបទពិសោធន៍ក្នុងវិស័យព័ត៌មាន និងសារគមនាគមន៍ (ការងារទំនាក់ទំនង) រយៈពេលប្រមាណ៣០ឆ្នាំ ក្នុងនោះ បានបំពេញការងារ ជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យទីភ្នាក់ងារ សារព័ត៌មានរយទ័រ (Reuters) របស់ប្រទេសអង់គ្លេស រយៈពេលជាង១០ឆ្នាំ, ជាជំនួយការផ្នែកទូរទស្សន៍ អេភី (AP) របស់អាម៉េរិក, ជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យវិទ្យុ FM68h ជាភាសាអង់គ្លេស របស់ឥណ្ឌូណេស៊ី, ជានិពន្ធនាយក កាសែត Cambodia News, ជាមន្ត្រីសម្របសម្រួលការងារ ទំនាក់ទំនង និងអ្នកនាំពាក្យឱ្យអង្គការខាណា (KHANA), ជាអ្នកពិគ្រោះយោបល់ការងារ ទំនាក់ទំនងលើគម្រោងលើកស្ទួយ អភិបាលកិច្ចល្អរបស់ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank), ជាមន្រ្តីគម្រោងតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៃអង្គការ UNESCO, និងធ្លាប់ជានាយកប្រតិបត្តិ ក្លិបអ្នកកាសែតកម្ពុជា។ បន្ថែមពីលើនេះ ក្រៅពីបានសរសេរសៀវភៅ ចំនួន១៨ចំណងជើង ហើយសៀវភៅខ្លះ មានជាភាសាអង់គ្លេស និងភាសាចិន បណ្ឌិត ឆាយ សុផល ក៏បានជួយកែសម្រួលសៀវភៅផ្សេងទៀត ទាំងភាសាខ្មែរ និងអង់គ្លេស ឱ្យឥស្សរជនមួយចំនួន រួមទាំងជួយ ពិនិត្យសៀវភៅ «ឯកសារ នៃតុលាការប្រជាជន បដិវត្តន៍កម្ពុជា» ជាភាសាអង់គ្លេស និងឯកសារស្រាវជ្រាវ និងឯកសារវិភាគនយោបាយជាច្រើនទៀត ។

ចំពោះការសិក្សា លោកបានបញ្ចប់វិទ្យាល័យ នៅសាលាភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) នៅឆ្នាំ១៩៨៨ ។ មុនបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យ អាតេណេអូ ដឺ ម៉ានីឡា (Ateneo de Manila University) នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ក្រោយបំពេញការសិក្សាជំនាញ សារព័ត៌មាន នៅសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) ក្នុងទីក្រុងបាងកក ប្រទេសថៃ ។

តាមរយៈបទពិសោធន៍ការងារ និងកំរិតសិក្សាជាន់ខ្ពស់នេះ បណ្ឌិត ឆាយ សុផល ត្រូវបានស្ថាប័នអន្តរជាតិ អញ្ជើញឱ្យទៅប្រមាណ៣០ប្រទេស ក្នុងនោះមានអាម៉េរិក កាណាដា អូស្ត្រាលី អាល្លឺម៉ង់ រុស្ស៊ី និងបណ្ដាប្រទេសមួយចំនួនទៀត នៅអឺរ៉ុប មជ្ឈឹមបូព៌ា ព្រមទាំងអាស៊ី ដោយប្រទេសខ្លះ បានទៅលើសពី៣០ដង ក្នុងនាមជាគ្រូឧទ្ទេស ជាវាគ្មិន ជាអ្នកចូលរួម និង ជាអ្នកយកព័ត៌មាន ។
បច្ចុប្បន្ន បណ្ឌិត ឆាយ សុផល ក៏ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាជាន់ខ្ពស់ របស់ក្លិបអ្នកកាសែតកម្ពុជាផងដែរ៕

To Top